រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្នើឱ្យមន្រ្តីរួមសហការគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងការទន្ទ្រានដីព្រៃរបស់រដ្ឋ
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ឯកឧត្តម ឌិត ទីណា បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ពិសេសក្រុមការងារអនុវត្តគម្រោងសកម្មភាពសហគមន៍ដើម្បីនិរន្តភាពព្រៃឈើ ឱ្យរួមសហការគ្នាទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានដីព្រៃរបស់រដ្ឋ និងបទល្មើសព្រៃឈើផ្សេងៗឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
ការជំរុញនេះត្រូវបានធ្វើឡើងតាមរយៈកិច្ចប្រជុំពិភាក្សាលទ្ធផលគម្រោងសកម្មភាពសហគមន៍ដើម្បីនិរន្តភាពព្រៃឈើ (Community Action for Sustainable Forest (CASFor) នាទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។ នេះបើតាមប្រភពក្រសួងកសិកម្ម។
គួរជម្រាបថា គម្រោងសកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើនេះមានគោលបំណង ដើម្បីជំរុញការគ្រប់គ្រងធនធានព្រៃឈើតាមសហគមន៍ប្រកបដោយនិរន្តរភាព និងបង្កើនកម្រិតជីវភាពរស់នៅសមស្រប ព្រមទាំងផ្តល់សេវាកម្មប្រព័ន្ធអេកូឡូស៊ីដល់សហគមន៍ក្នុងស្រុក។គម្រោងនេះមានរយៈពេល ៤ឆ្នាំ ដឹកនាំអនុវត្តដោយក្រសួងកសិកម្ម រុក្ខា និងក្រសួងបរិស្ថាន នៅក្នុងខេត្តគោលដៅចំនួន៤ ដែលនឹងផ្តល់ផលដល់កសិករខ្នាតតូចប្រមាណ ៨៦.០០០នាក់។
ក្នុងឱកាសនេះឯកឧត្តមបានណែនាំក្រុមការងារគម្រោងខាងលើត្រូវពិនិត្យលើគោលដៅនិងផែនការសកម្មភាពឱ្យបានច្បាស់លាស់ ដោយត្រូវយកចិត្តទុកដាក់លើការចូលរួម និងថែរក្សាព្រៃឈើឱ្យមានប្រសិទ្ធភាពខ្ពស់ ឈរលើជំហរយុទ្ធសាស្ត្រឈ្នះៗ ដើម្បីលើកស្ទួយសហគមន៍ព្រៃឈើឱ្យមានភាពរីកចម្រើន រឹងមាំ និងមានភាពម្ចាស់ការលើការគ្រប់គ្រងនិងអភិរក្ស ធ្វើឱ្យជីវភាពប្រជាជនមានភាពប្រសើរឡើងនិងមាននិរន្តរភាព។
លោករដ្ឋមន្រ្តីកសិកម្ម បានបញ្ជាក់ដូច្នេះថា៖« ការងារព្រៃឈើនេះ គឺទាមទារ និងចាំបាច់ត្រូវមានចូលរួម និងសហការគ្នាល្អ លើកិច្ចការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានដីព្រៃរបស់រដ្ឋ និងបទល្មើសព្រៃឈើផ្សេងៗ។ លើសពីនេះទៀត ក៏ត្រូវយកចិត្តទុកគិតគូរលើការងារផ្សព្វផ្សាយទាំងការងារបច្ចេកទេស និងនយោបាយ ព្រមទាំងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពផងដែរ៕ ដោយ៖ បូរពេជ្រហ្សាលីន