ក្រុមអ្នកវិភាគនៅក្នុងប្រទេសកម្ពុជា បង្ហាញសុទិដ្ឋិនិយមចំពោះរដ្ឋាភិបាលថ្មីដឹកនាំដោយឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត

(ភ្នំពេញ)៖ ក្រុមអ្នកវិភាគនៅក្នុងប្រទេសកម្ពុជា បង្ហាញសុទិដ្ឋិនិយម និងគាំទ្រ ចំពោះរដ្ឋាភិបាលថ្មីដឹកនាំដោយឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីថ្មី របស់កម្ពុជា ។

លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា និងជាអ្នកវិភាគបញ្ហាសង្គមនយោបាយ មើលឃើញថា ការបន្តវេនរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាការផ្ទេរដំណាក់កាលប្រវត្តិសាស្ត្រដ៏សំខាន់បំផុតនៃប្រទេសកម្ពុជា នាសតវត្សរ៍ទី២១ ។

លោក បន្តថា ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៦ កក្កដា បានបង្កើតនូវភាពច្បាស់លាស់មួយនៃផែនការបន្តវេនដែលរៀបចំឡើងយ៉ាងល្អឥតខ្ចោះរបស់គណបក្សប្រជាជនកម្ពុជា ដោយគោរពទៅតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងគោលការណ៍ច្បាប់នៃកម្ពុជា ព្រមទាំងស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យផងដែរ។

ចំណែកលោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគសង្គមនយោបាយ បានគាំទ្រការបន្តវេនថ្នាក់ដឹកនាំ ដែលបានជ្រើសរើសឯកឧត្ដម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដីនៅក្នុងអាណត្តិថ្មីនេះ។ លោកថា ប្រទេសកម្ពុជា ពោរពេញទៅដោយធនធានមនុស្សវ័យក្មេង ដូច្នេះការរៀបចំរដ្ឋាភិបាលមួយដែលមានថ្នាក់ដឹកនាំវ័យក្មេង គឺជាបង្ហាញតុល្យភាពជាមួយប្រជាពលដ្ឋរបស់ខ្លួន ។

ដោយឡែកអ្នកវិភាគឯករាជ្យ លោក ឡៅ ម៉ុងហៃ បានលើកឡើងថា បើគិតថា ទំពាំងស្នងឬស្សីនោះ ប្រទេសកម្ពុជានឹងទទួលបានឬស្សីមកទៀត ដែលនេះបង្ហាញថា ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត អាចដឹកនាំប្រទេសកម្ពុជា មិនចាញ់សម្ដេចតេជោ ហ៊ុន សែន ដែរ។

ស្របនឹងការលើកឡើងរបស់ក្រុមអ្នកវិភាគខាងលើ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះលើបណ្ដាញសង្គមតេលេក្រាម ថា៖ គណបក្សប្រជាជនឈ្នះ គឺខ្មែរឈ្នះទាំងអស់គ្នា ហើយគណបក្សនានា ក៏អាចរួមរស់ក្រោមម្លប់សន្តិភាពបានទាំងអស់គ្នា។ សម្ដេច ក៏បានអរគុណជនរួមជាតិដែលបានផ្តល់នូវសេចក្តីស្រឡាញ់ ការគាំទ្រ និងទំនុកចិត្តជ្រាលជ្រៅចំពោះសម្តេច និងបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ។

ជុំវិញឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី ឯកឧត្តម សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រាប់អ្នកយកព័ត៌មាននៅរសៀលថ្ងៃទី២៨កក្កដា ថា ទណ្ឌិត សម រង្ស៊ី នៅក្រៅស្រុក គ្មានសិទ្ធិអ្វីមកវាយតម្លៃការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នោះទេ ។

ឯកឧត្តម សុខ ឥសាន្ត ក៏បានបញ្ជាក់ថា ចំពោះបេក្ខភាពនាយករដ្ឋមន្ត្រី របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺស្របទៅតាមគោលការណ៍ ដែលគណបក្សប្រជាជនកម្ពុជា រួមមាន៖ ១-ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបានការបោះឆ្នោតគាំទ្រជ្រើសតាំងដោយគណបក្ស, ២-បានជាប់ជាអ្នកតំណាងរាស្ត្រគណបក្សឈ្នះឆ្នោត មណ្ឌលរាជធានីភ្នំពេញ, ៣-ទទួលបានការឧទ្ទេសនាម ទូលថ្វាយព្រះមហាក្សត្រដើម្បីចេញព្រះរាជក្រឹត្យទទួលស្គាល់ជាបេក្ខជននាយករដ្ឋមន្ត្រី ដើម្បីរៀបចំសមាសភាពគណៈរដ្ឋមន្ត្រី ដាក់ឆ្លងសុំសេចក្ដីទុកចិត្តពីរដ្ឋសភា ។

ឯកឧត្តម ក៏បានលើកឡើងដែរថា ការបោះឆ្នោតរបស់ប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនរហូតដល់ជាង ៨២% វាច្បាស់ណាស់ថា ជាការគាំទ្រឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដូច្នេះគ្មានជនណាអាចមានមតិ ឬចេញមកជំទាស់ ខណៈការជំទាស់នេះ ជាសិទ្ធិសេរីភាពរបស់គេនៅក្រៅប្រទេស ហើយអត់មានឥទ្ធិពលអ្វី ក្នុងប្រទេសនោះទេ ។

សូមជម្រាបថា យោងតាមលទ្ធផលបឋមដែលចេញដោយ គ.ជ.ប បានបង្ហាញថា ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ អ្នកចូលរួមទៅបោះឆ្នោតមាន ៨ ២១៤ ២២៨ ស្មើនឹង ៨៤,៥៩%។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រ ៦,៣៩៨,១៩៣នាក់ស្មើនឹង៨២.៣០ភាគរយ នៃសំឡេងឆ្នោតបានការទាំងអស់។ ដោយឡែកគណបក្សហ៊្វ៊ុនស៊ិនប៉ិច ឈរនៅលំដាប់លេខ២ ដោយទទួលបានសំឡេងគាំទ្រ ៧១៦,៤៤៣នាក់ ស្មើនឹង ៩.២២ភាគរយ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner