ក្រសួងសាធារណការ ពិភាក្សាជាមួយដៃគូធនាគារ ផ្តល់សេវាសាធារណៈ និងសេវាផ្លូវល្បឿនលឿនឱ្យបានរហ័ស

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិភាក្សាជាមួយធនាគារដៃគូចំនួនពីរ លើការប្រើប្រាស់សេវាកម្មទូទាត់ប្រាក់អេឡិចត្រូនិក ដើម្បីផ្តល់សេវាសាធារណៈ និងសេវាផ្លូវល្បឿនលឿន ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានកាន់តែលឿនរហ័ស និងមានប្រសិទ្ធភាព។

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំកិច្ចប្រជុំ ដើម្បីផ្ទៀងផ្ទាត់អនុលោមភាពលើការអនុវត្តអនុស្សរណៈនៃការយោគយល់​ រវាងក្រសួង និងធនាគារ វឌ្ឍនៈអាស៊ីចំកាត់(ABA) និងរវាងក្រសួង និងធនាគារកាណាឌីយ៉ា (Canadia) លើការប្រើប្រាស់សេវាកម្មទូទាត់ប្រាក់អេឡិចត្រូនិក​ តាមរយៈប្រព័ន្ធទូទាត់ប្រាក់រួមក្រសួងសាធារណការ និងដឹកជញ្ជូន។

កិច្ចប្រជុំពិភាក្សាដែលដឹកនាំដោយ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធាណៈ ក៏បានពិភាក្សាពីឱកាសនៅក្នុងការធ្វើកិច្ចសហប្រតិបត្តិ លើគម្រោងនៃគំនិតផ្តួតផ្តើមថ្មីៗនាពេលខាងមុខ សំដៅផ្តល់សេវាសាធារណៈ និងសេវាផ្លូវល្បឿនលឿន ដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបានកាន់តែលឿនរហ័ស មានប្រសិទ្ធភាព និងតម្លាភាព។

ពាក់ព័ន្ធផ្លូវល្បឿនលឿននេះដែរ ដើម្បីដោះស្រាយ​បញ្ហា​កកស្ទះ​ នៅតាម​ច្រក​ចេញ-​ចូល ​នៃ​ផ្លូវ​ល្បឿន​លឿន ​ក្រសួងបានសហការជាមួយ​គ្រឹះស្ថាន​ដៃគូ​ ​ដាក់​ឱ្យប្រើ​ប្រាស់នូវ​កម្មវិធី​ Mobile Banking ​ដើម្បី​បញ្ចូល​សមតុល្យ​ទឹកប្រាក់​ តាមរយៈ​ស្លាកលេខ​សម្គាល់​យានយន្ត ​តាមរយៈ​ធនាគារ​ជីបម៉ុង​(Chip Mong Bank) ​ធនាគារអេស៊ីលីដា ​(ACLEDA Bank)ធនាគារវឌ្ឍនៈ​អាស៊ី​ចំកាត់ ​(ABA Bank) ​ធនាគារ​វីង ​(Wing Bank) ​និង​ធនាគារ​វឌ្ឍនៈ​ (VATTANAC Bank)»។

សម្រាប់អ្នកធ្វើដំណើរដែលបានបញ្ចូលទឹកប្រាក់មុននេះ អាចចូលតាមច្រក ETC ដែលជា​ប្រព័ន្ធ​បង់ថ្លៃ​សេវា​ផ្លូវ​ល្បឿន​លឿន​ដោយ​ស្វ័យប្រវត្តិ​ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ទំនាក់ទំនង​គ្នា​ដោយ​ឥត​ខ្សែ ​ហើយ ​អាច​ឆ្លង​កាត់​ច្រក​បង់ប្រាក់​ដោយ​មិនចាំបាច់​ឈប់​ជា​បណ្ដោះអាសន្ន ​ដើម្បី​ទទួល​កាត​ធ្វើដំណើរឡើយ។

សូមជម្រាបថា បច្ចុប្បន្នផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រោយបើកឱ្យដំណើរអស់រយៈពេលជិត ៩ខែកន្លងមក មានប្រមាណ ៣,៨ លានចរាចរណ៍ (នៅខែតុលា ២០២២ ជាខែទី១ ប្រើប្រាស់ឥតគិតថ្លៃមានប្រមាណ ៤៤ ម៉ឺនចរាចរណ៍)៕

ដោយ៖ សុខ រក្សា

ads banner