ក្រសួងការងារ កំណត់យកថ្ងៃទី ១៦ ខែសីហា បើកកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតឆ្នាំ ២០២៤
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានកំណត់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ដើម្បីបើកកិច្ចប្រជុំស្តីពីការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ ។
យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ឯកឧត្តម អ៊ិត សំហេង នៅថ្ងៃទី ២៧ ខែកក្កដា បានកោះអញ្ជើញសហជីព នានានៅកម្ពុជា ឱ្យចូលរួមកិច្ចប្រជុំខាងលើនេះ នឹងចាប់ផ្តើមនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក នៅទីស្តីការក្រសួង។ កិច្ចប្រជុំនេះរៀបចំដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី ៣ ឆ្នាំ ២០២៣-២០២៤។
ក្រោយទទួលបានលិខិតអញ្ជើញនេះ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី ២៨ ខែកក្កដាថា ៖«យើងក៏សង្ឃឹមថាប្រាប់ឈ្នួលកម្មករយើង នឹងទទួលបានសមរម្យ ទៅតាមបរិបទសេដ្ឋកិច្ចសកល និងសង្គម» ។
ជាមួយគ្នានេះ លោក អាត់ ធន់ ប្រធានសហភាពការងារម្ពុជា ប្រាប់ឱ្យដឹងនៅថ្ងៃទី ២៩ ខែកក្កដានេះថា លោកនឹងចូលរួមទៅតាមការកំណត់ពេលវេលារបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ។ លោកបន្តថា ការចរចាមិនមែនធ្វើមួយដងចប់នោះទេ គឺត្រូវចូលរួមយ៉ាងហោចណាស់ចន្លោះពី ៤ ទៅ ទៅ ១០ ដង ទើបអាចចេញជាលទ្ធផលបាន ។
សូមរំឭកថា ការចរចាប្រាក់ឈ្នួលអប្បបរមារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាកាលពីឆ្នាំ ២០២២ សម្រាប់កម្មករនិយោជិត ផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជង និងផលិតផលធ្វើដំណើរ ឆ្នាំ ២០២៣ មានចំនួន ១៩៨ដុល្លារ បូក២ដុល្លារបន្ថែមដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែនសរុបប្រាក់ឈ្នួលកម្មករកើនដល់២០០ដុល្លារ៕
ដោយ៖ គឹម យុត្ថារ៉ូ
