គ.ជ.ប រកឃើញកំហុសតិចតួចចំពោះការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផល នៃការបោះឆ្នោត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ក្រោយការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផល នៃការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៧ កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ក្រុមការងារបច្ចេកទេស បានរកឃើញនូវកំហុសតិចតួច ដែលកំហុសទាំងនេះនឹងត្រៀមដាក់ជូន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប) ពិនិត្យ និងសម្រេច។

លោក សោម សូរីដា   អ្នកនាំពាក្យគ.ជ.ប  ប្រាប់ឱ្យនៅថ្ងៃទី ២៩ ខែកក្កដានេះថា ដំណើការផ្ទៀងផ្ទាត់នេះ បានប្រព្រឹត្តិទៅដោយរលូនល្អ ក្រោមការចូលរួមឃ្លាំមើលពីតំណាងអង្គការសង្គមស៊ីវិល គណបក្សនយោបាយ និងអ្នកសារព័ត៌មានជាច្រើនរូប។ កំហុសបច្ចេកទេសតិចតួច ត្រូវបានរកឃើញ ហើយក្រុមបច្ចេកទេសកំពុងតែងកត់សម្គាល់ កំហុសបច្ចេកទេសនេះ ដើម្បីដាក់ជូន គ.ជ.ប. ធ្វើការពិនិត្យ និងសម្រេច ។

លោកថ្លែងថា ៖« កំហុសបច្ចេកទេសនេះ ចង់សំដៅដល់ការស្រង់ តួលេខ និងការបូកសរុបលទ្ធផល ប៉ុន្តែ ជាទូទៅការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផល នៃការបោះឆ្នោតនេះ ស្ទើរតែពេញលេញត្រឹមត្រូវ ១០០ភាគរយ ខ្វះចន្លោះបន្តិចបន្តួច។ ដូចជាកំហុសក្នុងការបំពេញទម្រង់បែបបទដែលក្នុងនោះ ទម្រង់ បែបបទ ៣ ដែលក្រុមបច្ចេកទេសត្រូវប្រើសម្រាប់ការត្រួតពិការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផល នៃការបោះឆ្នោតនេះ គឺទម្រង់ ១១/១០  ១១/១១ និង ១១/១៤” ។

បើតាម លោក សោម សូរីដា ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផល នៃការបោះឆ្នោតសម្រាប់ការេជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ដែលទើបបញ្ចប់ទៅថ្មីៗនេះ មានរយៈពេល ២ ថ្ងៃ (តាមការគ្រោងទុក) ចាប់ពីថ្ងៃទី២៩ ខែកក្កដារហូតដល់ថ្ងៃទី៣០ ខែកក្កដា ។ 

លោក ទុំប៉ែន វីរៈវិទូ ប្រធានបណ្តាញសង្គមស៊ីវិលកម្ពុជា (CCN) ដែលបានចូលរួមសង្កេតការណ៍ និងឃ្លាំមើលការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នៅទីស្តីការ គ.ជ.ប បានថ្លែងថា  គ.ជ.ប បានធ្វើការត្រួតពិនិត្យទៅលើកញ្ចប់សន្លឹកឆ្នោតដែលទទួលបានពីបណ្តារាជធានីខេត្តនីមួយៗដោយមានការឃ្លាំមើលអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានជាច្រើនរូប។

លោកបន្តថា ៖«ការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នៅពេលនេះ គឺដើម្បីបង្ហាញពីភាពត្រឹមត្រូវ ជូនដល់ក្រុមប្រឆាំងមួយចំនួននៅក្រៅប្រទេស ដែលតែងតែរិះគន់ និងចោទប្រកាន់គ.ជ.ប ជាចោរ។ តែតាមពិតមិនដូចច្នោះនោះទេ  គ.ជ.ប បានរៀបចំ និងចាត់ចែងត្រឹមត្រូវទៅតាមនីវិធីច្បាប់ និងបទបញ្ជាទាំងអស់»។ 

ទោះបីមានចលនារារាំងប្រជាពលរដ្ឋ ញុះញង់ប្រជាពលរដ្ឋឱ្យបំផ្លាញការបោះឆ្នោត ប៉ុន្តែប្រជាពលរដ្ឋបានចេញទៅបោះឆ្នោត រហូតដល់ជាង ៨៤ ភាគរយ ដែលជាចំនួនច្រើនជាងការបោះឆ្នោតមុនៗ និង ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាម រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីការបោះឆ្នោត។ នេះបើតាមលទ្ធផលបឋមរបស់ គ.ជ.ប ដែលបានចេញផ្សាយនាពេលកន្លងមកថ្មីៗនេះ៕

ដោយ៖ គឹម យុត្ថារ៉ូ

ads banner