លោក គីម ជុងអ៊ុន ប្តេជ្ញាអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាមួយចិន ឱ្យដល់កម្រិតខ្ពស់មួយ
ព្យុងយ៉ាង៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានជួបជាមួយគណៈប្រតិភូចិន ដែលបានទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងដើម្បីប្រារព្ធខួបលើកទី៧០នៃការបញ្ចប់សង្គ្រាមកូរ៉េ និងបានប្តេជ្ញាថា លោកនឹងអភិវឌ្ឍន៍ទំនាក់ទំនងរបស់ប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដែលបានចុះផ្សាយកាលពីថ្ងៃទី២៩ ខែកក្កដា។
គួរដឹងដែរថា កាលពីថ្ងៃសុក្រលោក គីម បានរៀបចំពិធីទទួលស្វាគមន៍មន្ត្រីប្រតិភូចិនដែលបានដឹកនាំដោយសមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន លោក លី ហុងចុង (Li Hongzhong)។ ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ គណៈប្រតិភូចិនរូបនេះ គឺជាគណៈប្រតិភូដំបូងគេហើយដែលបានទៅទស្សនៈកិច្ចនៅប្រទេសកូរ៉េខាងជើង។
ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើងបានឱ្យដឹងថា «នៅក្នុងកិច្ចពិភាក្សានេះ ភាគីទាំងពីរបានបង្ហាញពីគោលជំហររវាងរដ្ឋាភិបាលរបស់ប្រទេសទាំងពីរ ក្នុងការរួមគ្នាដោះស្រាយស្ថានការណ៍អន្តរជាតិដ៏ស្មុគស្មាញ តាមរយៈគំនិតផ្តួចផ្តើមរបស់ពួកគេ ហើយអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយភាពស្និទ្ធស្នាលបន្ថែមទៀត»។
គួរដឹងដែរថា មន្ត្រីចិន និងរុស្ស៊ីក៏បានជជែកគ្នាអំពីគ្រាប់មីស៊ីលដែលមានសមត្ថភាពផ្ទុកនុយក្លេអ៊ែរថ្មីបំផុតរបស់លោក គីម និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនៅក្នុងរដ្ឋធានីកាលពីថ្ងៃព្រហស្បតិ៍នោះផងដែរ។ កិច្ចប្រជុំនេះ បានប្រព្រឹត្តឡើង ដោយពួកគេបានថតរូបឈរជាមួយលោក គីម ទៀតផង។
វត្តមានរបស់ចិន និងរុស្ស៊ី នៅក្នុងក្បួនដង្ហែបង្ហាញមីស៊ីលនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលត្រូវបានហាមឃាត់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះ ហាក់ដូចជាផ្ទុយទៅនឹងឆ្នាំមុនៗ នៅពេលដែលពួកគេហាក់មានគម្លាតឆ្ងាយពីអាវុធនុយក្លេអ៊ែរ និងការអភិវឌ្ឍមីស៊ីលផ្លោងរបស់ប្រទេសកូរ៉េខាងជើង។
គួរបញ្ជាក់ថា ក្បួនដង្ហែរនោះផងដែរបានបង្ហាញនូវគ្រាប់មីស៊ីលអន្តរទ្វីបចុងក្រោយបង្អស់របស់កូរ៉េខាងជើងប្រភេទ Hwasong-17 និង Hwasong-18 ដែលមានសមត្ថភាពបាញ់ប្រហារទៅកាន់គោលដៅគ្រប់ទីកន្លែងក្នុងសហរដ្ឋអាមេរិក។ បន្ថែមពីលើនេះ កូរ៉េខាងជើងក៏បានបង្ហាញពីយន្តហោះគ្មានមនុស្សបើកចារកម្មរបស់ខ្លួនផងដែរ។ នេះបើយោងតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNA ៕
ប្រែសម្រួលដោយ៖ ធា សុណា