លោក ប្រាយុទ្ធព្រួយបារម្ភអំពីការប្រមូលផ្តុំបាតុកម្មរបស់អ្នកគាំទ្រគណបក្សឈានទៅមុខ ប្រឆាំងនឹងព្រឹទ្ធសភា

ថៃ៖លោក ថាណាខន​ វ៉ាងប៊ូនគង់ចាន់ណា (Thanakorn Wangboonkongchana) រដ្ឋមន្ត្រី​ការិយាល័យ​នាយក​រដ្ឋមន្ត្រី​បាន​លើកឡើងថា នាយក​រដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា (​Prayut Chan-o-cha) មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រមូល​ផ្តុំគ្នាធ្វើបាតុកម្ម ​ដែល​រៀបចំ​ដោយ​ក្រុម​អ្នក​គាំទ្រគណបក្សឈានទៅមុខ (Move Forward Party) ដែលកំពុងនាំគ្នាតវ៉ា​ប្រឆាំង​នឹងសមាជិក​ព្រឹទ្ធសភា។

លោក ថាណាខន បានលើកឡើងកាលពីថ្ងៃទី ២៨ ខែកក្កដា ថា លោកឧត្តមសេនីយ៍ប្រាយុទ្ធ បានសម្តែងការព្រួយបារម្ភអំពីការប្រមូលផ្តុំគ្នាធ្វើបាតុកម្ម ដោយភ័យខ្លាចថា ពួកគេអាចនឹងកំពុងទាញប្រទេសថៃឱ្យវិលទៅរកជម្លោះរវាងក្រុមនយោបាយដែលមានមតិផ្សេងៗគ្នា។

គួរដឹងដែរថា លោក ថាណាខន ដែលជាអនុប្រធានគណបក្សរួមគ្នាកសាងជាតិថៃ (United Thai Nation) បានឱ្យដឹងថា លោកចង់ឱ្យគណបក្សឈានទៅមុខ ធ្វើការក្រើនរំឭកទៅកាន់អ្នកគាំទ្ររបស់ខ្លួន ឱ្យមានការគោរពច្បាប់។

គួរបញ្ជាក់ថា អ្នកគាំទ្រគណបក្សឈានទៅមុខ ដែលបានឈ្នះការបោះឆ្នោតថ្នាក់ជាតិកាលពីខែឧសភា បានសម្ដែងការមិនសប្បាយចិត្តនឹងសមាជិកព្រឹទ្ធសភាភាគច្រើន ដែលត្រូវបានតែងតាំងដោយរបបយោធា ដែលមិនបានបោះឆ្នោតគាំទ្របេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស លោក ភិថា លីមចារើនរ៉ាត់ (Pita Limjaroenrat)។

លោក ថាណាខន បានបញ្ជាក់ជាថ្មីថាគណបក្សរួមគ្នាកសាងជាតិថៃ នឹងមិន​បោះឆ្នោតឱ្យបេក្ខជននាយករដ្ឋមន្ត្រីណាមួយ មិនថាមកពីគណបក្សណានោះទេ ដរាបណាគណបក្សឈានទៅមុខ ដែលជាដៃគូសម្ព័ន្ធភាព នៅតែប្រកាន់ជំហររបស់គណបក្សរបស់ខ្លួន ក្នុងការកែប្រែមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលពាក់ព័ន្ធនឹងទោសប្រមាថព្រះមហាក្សត្រ។

នៅពេលដែលមានការសាកសួរថា តើគណបក្សភឿថៃបានទាក់ទងគណក្សរួមគ្នាកសាងជាតិថៃ ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ឬក៏យ៉ាងណានោះលោក ថាណាខន បានឆ្លើយតបថា លោកមិនបានដឹងទេ ដោយសារតែប្រធានគណបក្ស និងអគ្គលេខាធិការកំពុងធ្វើការលើបញ្ហានេះ។

ដោយឡែក អនុប្រធានគណក្សរួមគ្នាកសាងជាតិថៃ បានបង្ហាញទំនុកចិត្តថា គណបក្សរបស់លោក និងគណបក្សភឿថៃ អាចធ្វើការជាមួយគ្នាបាន ព្រោះពេលនេះជាពេលដែលភាគីទាំងអស់ត្រូវរួមដៃគ្នាជួយប្រទេសឆ្លងកាត់ឧបសគ្គមួយនេះ។

លោក​បានថ្លែង​ថា​ «​ខ្ញុំ​មិន​ឃើញ​មាន​បញ្ហា​អ្វី​សម្រាប់​គណបក្ស​ទាំង​ពីរក្នុងការ​ធ្វើ​ការ​ជាមួយ​គ្នានោះ​ទេ ​ដរាបណា​យើង​ប្រកាន់​ខ្ជាប់​នូវផលប្រយោជន៍​ប្រទេសជាតិជារឿងចម្បង​»​។ លោក ថាណាខន បាននិយាយថា នាយករដ្ឋមន្ត្រីថ្មីនឹងត្រូវបានជ្រើសរើសក្នុងពេលឆាប់ៗនេះបន្ទាប់ពីមានការចរចាមួយចំនួនទៀត៕

ប្រែសម្រួលដោយ៖ ធា សុណា

ប្រភពព័ត៌មាន៖ Bangkok Post

ads banner