ឯកឧត្តម នេត្រ ភក្ត្រា និងក្រុមការងារអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៧ វត្តក្នុងក្រុងបូកគោ ខេត្តកំពត
(ខេត្តកំពត)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា នេះ បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃទាំង ៧ វត្ត ក្នុងក្រុងបូកគោ ខេត្តកំពត។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោ អាជ្ញាធរក្រុង និងសង្កាត់ទាំង ៣ នៃក្រុងបូកគោ និងប្រជាពលរដ្ឋ។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាក្រោមដំបូលនៃសុខសន្តិភាពសម័យតេជោ ទាំងពុទ្ធចក្រនិងអាណាចក្រមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង។ ឯកត្តមបានលើកឡើងថាព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌សង្គម និងក៏ជាទីជម្រក សម្រាប់ការសិក្សាអប់រំរបស់កូនអ្នកស្រុក និងជាកន្លែងសម្រាប់ស្នាក់នៅបន្តការសិក្សារបស់យុវជនមកពីជនបទនៅតាមទីក្រុងផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានថ្លែងអំណរគុណប្រគេនដល់ព្រះសង្ឃនិងប្រជាពលរដ្ឋនៅក្រុងបូកគោដែលបានបោះគាំទ្រគណបក្សប្រជាជនកម្ពុជានៅក្នុងការឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។
ទេយ្យទានដែលឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោប្រគេនដល់ព្រះសង្ឃទាំង ៧ វត្តក្នុងក្រុងបូកគោ ក្នុងមួយវត្តទទួលបានទានវស្សា អង្ករ មីត្រីខកំប៉ុង ទឹកត្រី ទឹកសុីអុីវ ភេសជ្ជៈទឹកសុទ្ធ និងបច្ច័យ ៕
ង៉ាន់ ទិត្យ