ឯកឧត្តម ជា ចាន់តូ៖ ធនាគារជាតិនៃកម្ពុជា បានកំពុងជួយជ្រោងកំណើនសេដ្ឋកិច្ច ពីឥទ្ធិពលនៃការថមថយសកម្មភាពសេដ្ឋកិច្ចពិភពលោក
(ភ្នំពេញ)៖ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ក្នុងបរិការណ៍ដែលសេដ្ឋកិច្ចកម្ពុជា កំពុងទទួលរងឥទ្ធិពលពីការថមថយ នៃសកម្មភាពសេដ្ឋកិច្ចពិភពលោក ធនាគារជាតិនៃកម្ពុជា បានបន្តរក្សាស្ថិរភាពថ្លៃ និងស្ថិរភាពហិរញ្ញវត្ថុ អភិវឌ្ឍប្រព័ន្ធធនាគារ និងប្រព័ន្ធទូទាត់ ជួយជ្រោងកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យនានា ឱ្យប្រព្រឹត្តទៅដោយរលូន។ ឯកឧត្តម ទេសាភិបាល បានថ្លែងដូច្នេះនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៣ របស់ធនាគារជាតិនៃកម្ពុជា នៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ ។
ឯកឧត្ដមបានបញ្ជាក់ថា ជុំវិញរូបិយវត្ថុការរក្សាស្ថិរភាពថ្លៃនយោបាយរូបិយវត្ថុ និងអត្រាប្តូរប្រាក់ធនាគារជាតិនៃ
កម្ពុជា ត្រូវបានអនុវត្តប្រកបដោយភាពបត់បែន និងប្រុងប្រយ័ត្នខ្ពស់។ ជាក់ស្តែងសន្ទនីយភាពត្រូវបានបញេ្ចញទៅក្នុងទីផ្សារ និងស្រូបយកមកវិញ តាមរយៈឧបករណ៍នយោបាយរូបិយវត្ថុនានា ផ្អែកលើការប្រែប្រួលនៃតម្រូវការជាក់ស្តែង ក្នុងគោលដៅធានាឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានសន្ទនីយភាពគ្រប់គ្រាន់ សម្រាប់ផ្តល់ឥណទានក្នុងអត្រាការប្រាក់មួយសមរម្យ និងបញ្ចៀសសម្ពាធទៅលើអត្រាប្តូរប្រាក់ផងដែរ។
ឯកឧត្តមថា ក្នុងស្ថានភាពដែលតម្លៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិមាននិន្នាការកើនឡើង ប្រាក់រៀល ត្រូវបានរក្សាឱ្យមានស្ថិរភាពក្នុងកម្រិតជាមធ្យម ៤.០៩៤រៀល ក្នុង ១ដុល្លារអាមេរិក ប្រហាក់ប្រហែលនឹងគ្នានឹងឆ្នាំមុនដែរសំដៅការពារអំណាចទិញរបស់ប្រាក់រៀល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ ។
ឯកឧត្តមទេសាភិបាល បានបន្តថា ក្រៅពីការធ្លាក់ថ្លៃប្រេងឥន្ធនៈ និងការថមថយកំណើនថ្លៃក្រុមម្ហូបអាហារ ការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់រៀល បានរួមចំណែកយ៉ាងសំខាន់ក្នុងការបន្ថយអត្រាអតិផរណាផងដែរ។ ជាមួយគ្នានេះ ការពង្រឹងការប្រើប្រាស់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយនៅតែជាការងារចាំបាច់ ដើម្បីកាត់បន្ថយឥទ្ធិពលពីកត្តាខាងក្រៅ មកលើកម្រិតថ្លៃនៅកម្ពុជា និងពង្រឹងប្រសិទ្ធភាពនយោបាយរូបិយវត្ថុ ក្នុងការគ្រប់គ្រងស្ថិរភាពថ្លៃ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យកាន់តែមានប្រសិទ្ធភាព ។ ការប្រើប្រាស់ប្រាក់រៀលក្នុងសេដ្ឋកិច្ចច្រើន ក៏អាចជួយគរពូនទុនបម្រុងអន្តរជាតិ ឱ្យកាន់តែខ្ពស់ជាងកម្រិតបច្ចុប្បន្នថែមទៀត ដែលនឹងពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិន និងសាធារណជន មកលើស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាឱ្យកាន់តែរឹងមាំ។
ឯកឧត្តម ជា ចាន់តូ បានលើកឡើងដែរថា ប្រព័ន្ធធនាគារកម្ពុជា ត្រូវបានបន្តអភិវឌ្ឍឱ្យកាន់តែរឹងមាំ ហើយស្ថិរភាពនៃប្រព័ន្ធធនាគារបានដើរតួនាទីយ៉ាងសកម្មក្នុងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ច និងរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ជាក់ស្តែង បើទោះបីជាលក្ខខណ្ឌហិរញ្ញវត្ថុសកល កំពុងស្ថិតក្នុងស្ថានភាពរឹតត្បិត ហើយធនាគារនៅសហរដ្ឋអាមេរិកចំនួន ៣ បានដួលរលំកាលពីដើមឆ្នាំ ២០២៣ ដែលបានបង្កការព្រួយ បារម្ភនៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ក៏ប្រព័ន្ធធនាគារកម្ពុជានៅតែរក្សាបានភាពធន់និងរឹងមាំ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត