សហភាពអឺរ៉ុប ត្រៀមខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីនលើសន្តិសុខដែនសមុទ្រ
អឺរ៉ុប៖ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែ ឡេយេន បាននិយាយនៅថ្ងៃទី៣១ ខែកក្កដាថា សហភាពអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីនលើសន្តិសុខដែនសមុទ្រ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោកស្រី វ៉ុនឌែ ឡេយេន ថ្លែងយ៉ាងដូច្នេះ បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀរ នៅទីក្រុងម៉ានីល។
លោកស្រីនិយាយក្នុងសេចក្តីថ្លែងការណ៍រួមមួយជាមួយលោក ម៉ាកូស ថា ៖ «យើងត្រៀមខ្លួនជាស្រេច ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីនលើសន្តិសុខដែនសមុទ្រក្នុងតំបន់ ដោយធ្វើការចែករំលែកព័ត៌មាន វាយតម្លៃការគំរាមកំហែង និងកសាងសមត្ថភាពឆ្មាំឆ្នេរសមុទ្ររបស់អ្នក(ហ្វីលីពីន)»។
គួរបញ្ជាក់ថា ការប្ដេជ្ញាយ៉ាងដូច្នេះរបស់សហភាពអឺរ៉ុប ធ្វើឡើងចំពេលដែលភូមិសាស្រ្តនយោបាយបន្តតានតឹង។ ហ្វីលីពីនគឺជាប្រទេសដែលពោរពេញដោយការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងសហរដ្ឋអាមេរិក និងចិន ខណៈបញ្ហាដែនសមុទ្ររបស់ប្រទេសនេះនៅសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកជាយុទ្ធសាស្ត្រ និងសម្បូរដោយធនធាន រងទំនាស់ជាមួយចិន ដែលទាមទារការត្រួតត្រាលើផ្ទៃសមុទ្រស្ទើរតែទាំងមូល។
ក្នុងសេចក្ដីថ្លែងការណ៍ដដែល លោកស្រី វ៉ុនឌែ ឡេយេន បានសង្កត់ធ្ងន់លើជំហររបស់សហភាពអឺរ៉ុបចំពោះសេចក្តីសម្រេចរបស់តុលាការអន្តរជាតិក្រុងឡេអេ ដែលចាត់ទុកការទាមទារដ៏ធំរបស់ចិននៅសមុទ្រចិនខាងត្បូងជាមោឃៈ។
ក្រៅតែពីបញ្ហាសន្តិសុខដែនសមុទ្រ លោកស្រី វ៉ុនឌែ ឡេយេន និងលោក ម៉ាកូស ក៏បានពិភាក្សាអំពីការចាប់ផ្តើមការចរចាឡើងវិញសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងបម្លាស់ប្ដូរលើវិស័យថាមពលរបស់ហ្វីលីពីនផងដែរ៕
ប្រែសម្រួល៖ហួន ឌីណា ប្រភព៖ EU ready to strengthen cooperation with the Philippines on maritime security