ឥទ្ធិពលព្យុះទីហ្វុង ដុកស៊ូរី ធ្វើឱ្យមនុស្សរាប់ពាន់នាក់ត្រូវភៀសខ្លួនចេញពីលំនៅដ្ឋាន ដោយសាភ្លៀងធ្លាក់ខ្លាំងនៅទីក្រុងប៉េកាំង
ប៉េកាំង៖ ទីក្រុងប៉េកាំងបានកត់ត្រាកម្រិតទឹកភ្លៀងធ្លាក់ខ្លាំងបំផុតរបស់ខ្លួននៅឆ្នាំនេះ ព្រោះតែសំណល់នៃព្យុះទីហ្វុងឈ្មោះ ដុកស៊ូរី(Doksuri) បានធ្វើដំណើរឆ្លងកាត់រដ្ឋធានីរបស់ប្រទេសចិនកាលពីថ្ងៃទី៣១ ខែកក្កដានេះ ដោយបានបង្ខំឱ្យមនុស្សជាង ៣១ ០០០ នាក់ត្រូវជម្លៀសចេញពីផ្ទះរបស់ពួកគេ។ នេះបើយោងតាមបណ្ដាញផ្សព្វផ្សាយរបស់រដ្ឋ CCTV ។
រដ្ឋបាលឧតុនិយមរបស់ប្រទេសចិនបានថ្លែងថា ភ្លៀងធ្លាក់ខ្លាំងបានបន្តធ្លាក់ក្នុងរដ្ឋធានី ក៏ដូចជានៅទីក្រុង Hebei, ទីក្រុង Tianjin និងភាគខាងកើតទីក្រុង សានស៊ី(Shanxi) ខណៈដែលព្យុះ Doksuri នេះបានថយឥទ្ធិពលពីលើភាគខាងជើងនៃប្រទេសចិន។
Doksuri គឺជាព្យុះដ៏ខ្លាំងបំផុតមួយដែលបានវាយប្រហារប្រទេសចិនក្នុងរយៈពេលជាច្រើនឆ្នាំ ហើយបានបណ្តាលឱ្យមានទឹកជំនន់ជន់លិចកាលពីចុងសប្តាហ៍កន្លងទៅនេះ នៅក្នុងខេត្ត Fujian ភាគខាងត្បូង ដោយបានជំរុញឱ្យមនុស្សរាប់សែននាក់ចាកចេញពីទីជម្រក។
យោងតាមការសង្កេតរបស់ក្រុងកម្រិតភ្លៀងធ្លាក់ជាមធ្យមនៅទីក្រុងប៉េកាំងក្នុងមួយយប់បានកើនឡើងដល់ ១៤០,៧ មីលីម៉ែត្រ ដែលកម្រិតទឹកភ្លៀងអតិបរមានៅក្នុងតំបន់ Fangshan ឈានដល់ជាង ៥០០មីលីម៉ែត្រ។ យ៉ាងណាមិញភ្លៀងធ្លាក់នៅតំបន់ភាគខាងត្បូង និងភាគខាងលិចត្រូវបានគេប៉ាន់ស្មានថា នឹងធ្លាក់ចុះខ្លាំងនៅព្រឹកថ្ងៃទី៣១ ខែកក្កដានេះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានបញ្ជាក់ថា មិនមានរបាយការណ៍ខូចខាត ឬរងរបួសនោះឡើយ។ ប្រព័ន្ធផ្សព្វផ្សាយបានបន្តថា ការងារនៅតាមបណ្ដាការដ្ឋានសំណង់ជាង ៤ ០០០ កន្លែងត្រូវបានផ្អាក ហើយអគារជិត ២០ ០០០ ត្រូវបានត្រួតពិនិត្យការខូចខាត ឯតំបន់សំខាន់របស់ទីក្រុងត្រូវបានបិទផងដែរ។
ខណៈពេលដែលព្យុះ Doksuri នៅតែបន្តថយចុះឥទ្ធិពល អ្នកព្យាករណ៍បានព្រមានថា ព្យុះទីហ្វុង Khanun ក៏កំពុងខិតជិតមកដល់ដែរ ហើយត្រូវបានកំណត់ថានឹងវាយប្រហារឆ្នេរសមុទ្រដ៏អ៊ូអររបស់ប្រទេសចិនក្នុងសប្តាហ៍នេះ។
អាជ្ញាធរបាននិយាយដែរថា ព្យុះKhanun អាចបង្កការខូចខាតបន្ថែមទៀតដល់ដំណាំពោត និងដំណាំ ផ្សេងទៀតដែលត្រូវបានរងការខូចខាតដោយសារឥទ្ធិពល Doksuri រួចហើយ៕
ប្រែសម្រួល៖នី ស្រីពៅ