ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍមូលដ្ឋាន និងបរិស្ថាន ត្រូវបានលើកមកពិភាក្សាក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការមន
(ភ្នំពេញ)៖ ប្រធានបទពីរ ទី១-ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការផ្តល់សេវា សាធារណៈ, និង ទី២-ការងារអភិវឌ្ឍមូលដ្ឋាន និងបរិស្ថាន ត្រូវបានលើកមកពិភាក្សា ក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌចំការមន អណត្តិទី៣ នាព្រឹកថ្ងៃទី៣១កក្កដា ដោយមានការរួមទាំងមន្ត្រីខណ្ឌ-សង្កាត់ទាំង៥ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន បានឲ្យដឹងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ ជាជំនួប ដើម្បីប្រជាពលរដ្ឋបង្ហាញអំពីចំណាប់អារម្មណ៍ ក៏ដូចជាបញ្ហានានា ដែលកើតមាននៅមូលដ្ឋានភូមិ-សង្កាត់របស់ខ្លួន និងធ្វើការដោះស្រាយជូនទាន់ពេលវេលា ។
នៅក្នុងវេទិការនេះ ប្រជាពលរដ្ឋ ស្នើសុំរៀបចំសណ្ដាប់ធ្នាប់ការលក់ដូនៅជាប់របងវិទ្យាល័យទួលទំពូង និងកាប់លះមេឃឈើធំៗជុំវិញសាលារៀន, ស្នើស្ដារលូនៅផ្លូវសុធារស ក្នុងសង្កាត់ទន្លេបាសាក់ ។ ព្រះគ្រូសូត្រឆ្វេង គង់នៅវត្តថាន់ សំណូមពរជួយរៀបចំសណ្ដាប់ធ្នាប់នៅផ្លូវចូលខាងកើតវត្ត និងសំនួរ-សំណូមពរ ជាលាយលក្សអក្សរដាក់ក្នុងប្រអប់សំបុត្រមួយចំនួនទៀត ក្នុងនោះសរសេរជាលាយលក្សអក្សរ មានចំនួន ២៧ និងសំណួរផ្ទាល់មាត់ មានចំនួន ១២ ។
ពាក់ព័ន្ឋសំណូមពរ ការរៀបចំសណ្ដាប់ធ្នាប់ ការលក់ដូរ នៅជាប់របងវិទ្យាល័យទួលទំពូង និងកាប់លះមេឃឈើធំៗជុំវិញសាលារៀន លោកអភិបាលខណ្ឌ បានប្រគល់ជូនទៅលោកអភិបាលរងខណ្ឌទទួលបន្ទុកសាធារណៈការ និងកម្លាំងនគរបាលប៉ុស្ដិ ជួយសហការដោះស្រាយជាក់ស្ដែងលើការងារនេះ។ លោក ក៏បានផ្ដល់ដំណោះស្រាយបញ្ហាក្មេងរើសអេតចាយ ដែលដេកក្នុងបរិវេណវត្ត និងសាលាបឋមសិក្សាទួលទំពូង ដោយអាជ្ញាធរ កម្លាំងនគរបាលប៉ុស្តិ នាយកសាលា និងគណៈកម្មការវត្ត ត្រូវសហការគ្នារៀបចំការងារនេះ។ លោកអភិបាលបានទទួលយកលើការងារស្ដារលូ និងដាក់លូ ដើម្បីរំដោះទឹកដែលលិចភូមិនានាពេលភ្លៀងម្ដងៗនៅក្នុងសង្កាត់ទន្លេបាសាក់ សង្កាត់បឹងត្របែក និងសង្កាត់ផ្សារដើមថ្កូវ ដើម្បីដាក់កម្លាំងដោះស្រាយជូនភ្លាមៗតែម្តង ។ ចំពោះសំណូមពររបស់ព្រះគ្រូសូត្រឆ្វេង គង់នៅវត្តថាន់ លោកអភិបាលខណ្ឌ ថា នឹងបន្តរៀបចំសណ្ដាប់ធ្នាប់ ហើយនឹងលើកសំណូមពរទៅថ្នាក់រាជធានីភ្នំពេញបន្តទៀត៕
ដោយ ៖ វណ្ណលុក