កម្ពុជា បញ្ជូនយុវជនកាយរឹទ្ធិ៤៧រូប ទៅចូលរួមបោះជំរំកាយរឹទ្ធិពិភពលោកនៅប្រទេសកូរ៉េ
ភ្នំពេញ៖ប្រធានកាយរឹទ្ធិជាតិកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានណែនាំដល់ប្រតិភូយុវជនកាយរឹទ្ធិដែលនឹងត្រៀមចេញដំណើរទៅចូលរួមបោះជំរំកាយរឹទ្ធិពិភពលោកនៅប្រទេសកូរ៉េ ត្រូវលើកតម្កើង និងត្រូវរក្សាឱ្យបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូររបស់ជាតិ។
ឯកឧត្តមបានលើកឡើងដូចនេះ ក្នុងឱកាសលោកអនុញ្ញាតឱ្យយុវជនកាយរឹទ្ធិកម្ពុជា ចំនួន៤៧រូប សម្តែងការគួរសម និងទទួលអនុសាសន៍ នារសៀលថ្ងៃទី៣០ ខែកក្កដា មុននឹងធ្វើដំណើរទៅចូលរួមការបោះជំរំកាយរឹទ្ធិពិភពលោក លើកទី២៥ នាសាធារណរដ្ឋកូរ៉េ ដែលប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី១ ដល់១២ ខែសីហា ។
ឯកឧត្តមបានថ្លែងនាជំនួបនោះថា យុវជនកាយរឹទ្ធិទាំងអស់ត្រូវលើកតម្កើង និងត្រូវរក្សាឱ្យបាននូវគុណតម្លៃ សេចក្តីថ្លៃថ្នូររបស់ជាតិ និងកិត្តិយសរបស់យុវជនកាយរឹទ្ធិកម្ពុជា តាមរយៈការចូលរួមគ្រប់សកម្មភាពនានាក្នុងជំរំ សិក្សារៀនសូត្រនូវជំនាញ បំណិនថ្មីៗ និងធ្វើខ្លួនឱ្យក្លាយទៅជាទូតសុច្ឆន្ទៈ ក្នុងការផ្សព្វផ្សាយវប្បធម៌កម្ពុជា ទៅកាន់ឆាកអន្តរជាតិ តាមរយៈការប្រាស្រ័យទាក់ទងល្អក្នុងស្មារតីមិត្តភាព និងសន្តិភាពជាមួយសមាជិកជំរំមកពីប្រទេសដទៃទៀត។
លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានលើកឡើងដោយលោកចាត់ទុកដែរថាយុវជនកាយរឹទ្ធិ ដើរតួយ៉ាងសំខាន់ នៅក្នុងសាលារៀន សង្គម និងក្លាយជាអ្នកបន្តវេនដ៏ល្អ នាពេលអនាគត។
ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យយុវជនទាំងនោះ ត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះវិជ្ជា និងគោរពបទបញ្ជាវិន័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីលើកស្ទួយតំលៃរបស់យុវជន និងតម្លៃនៃប្រទេសជាតិ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គិន ភា បានប្រាប់ឱ្យដឹងថា ការបញ្ជូនយុវជនកម្ពុជា ទៅចូលរួមនៅបណ្តាប្រទេសនានា ពិសេសប្រទេសដែលមានការរីកចំរើនខាងសេដ្ឋកិច្ច និងបច្ចេកវិទ្យា មិនថាកម្មវិធីបោះជំរំ ឬទស្សនកិច្ចនានា គឺសុទ្ធតែរឿងល្អ និងសំខាន់សម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស និងជំរុញសេដ្ឋកិច្ចកម្ពុជា។
លោកបានលើកឡើងថា ៖ «ការចូលរួមកម្មវិធីជាលក្ខណៈអន្តរជាតិ នឹងជួយជំរុញឱ្យយុវជនមានចំណេះជំនាញ បទពិសោធន៍ បង្កើតឱ្យមានទស្សនៈទូលំទូលាយមកចូលរួមអភិវឌ្ឍន៍ប្រទេស ពិសេសបណ្តុះគំនិតយុវជនឱ្យមានសេចក្តីក្លាហាន»។
លោក គិន ភា បន្តថា ៖ «ហេតុនេះការផ្តល់ឱកាសនានាដល់យុវជនពិតជាបានផ្តល់ប្រយោជន៍ច្រើន ខណៈខ្ញុំក៏សូមស្នើឱ្យយុវជនទាំងអស់ខិតខំទាញយកឱកាសពីការបោះជំរំនេះឱ្យបានជាប្រយោជន៍សម្រាប់ខ្លួនឯង និងប្រទេសជាតិផងដែរ»។
សូមជម្រាបថា នេះគឺជាលើកទី៦ហើយដែលកម្ពុជា បានចូលរួមក្នុងការបោះជំរំកាយរឹទ្ធិពិភពលោក៕
ដោយ៖បូរ ពេជ្រហ្សាលីន