គណៈប្រតិភូយុវជនកាយរឹទិ្ធជាតិកម្ពុជា ធ្វើដំណើរទៅដល់ព្រលានយន្តអន្តរជាតិអ៊ីនឆុន សាធារណរដ្ឋកូរ៉េ ដើម្បីចូលរួមកម្មវិធីបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥
សេអ៊ូល៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ គណៈប្រតិភូយុវជនកាយរឹទិ្ធជាតិកម្ពុជា ទាំង ៤៧រូប បានទៅដល់ព្រលានយន្តហោះអន្តរជាតិអ៊ីនឆុន ប្រកបដោយសុវត្ថិភាព មានសុខភាពល្អ និងស្នាមញញឹមមោទនភាពជាតិកម្ពុជា។ គណៈប្រតិភូយុវជនកាយរឹទិ្ធទាំងអស់ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់គណៈកម្មការបដិសណ្ឋារកិច្ចរបស់សមាគមកាយរឹទិ្ធកូរ៉េ និងបានរៀបចំដំណើរបន្តតាមរថយន្តឆ្ពោះទៅទីកន្លែងបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ នៅខេត្តប៊ូអាន ។
សូមជម្រាបថា ការបោះជំរំនេះក្នុងគោលបំណងជួបជុំគ្នាផ្លាស់ប្ដូរបទពិសោធន៍ការសិក្សា វប្បធម៌ ពង្រឹងចំណងមិត្តភាពរវាងកាយរឹទ្ធិមកពីបណ្តាប្រទេសជាច្រើនទូទាំងពិភពលោក និងធ្វើឱ្យយុវជនមានសក្ដានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងការគ្រប់គ្រងអារម្មណ៍ ដើម្បីឱ្យពួកគេក្លាយទៅជាពលរដ្ឋមានទំនួលខុសត្រូវក្នុងសង្គម និងជាសមាជិកសកម្មក្នុងសហគមន៍នៅតាមមូលដ្ឋានរស់នៅរបស់ពួកគេ ៕ដោយ-រ៉ាវុធ


