ប្លង់ស្ថាបត្យកម្មនៃអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿង មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តអញ្ជើញពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ អញ្ជើញអមដំណើរ សម្ដេចក្រឡាហោម ស ខេង នាឱកាសនោះ រួមមាន៖ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ, ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ព្រមទាំងម្ចាស់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនគូប្លង់។

លោកឧកញ៉ា ទូច គីម អគ្គនាយកក្រុមហ៊ុនគីមិច ក្រុមហ៊ុន គីម ម៉ិច ខនស្ត្រាក់សិន អ៊ិនវេសមេន បានធ្វើសេចក្ដីរាយការណ៍ជូន សម្ដេចក្រឡាហោម ស ខេង ថា ដំណើរការសាសងសង់អគារទីស្ដីការក្រសួងមហាផ្ទៃសម្រេចបានជាង៩៨ភាគរយ ហើយក្រុមហ៊ុនកំពុងឈានទៅបង្ហើយការសាងសង់ប្រកបដោយទំនួលខុសត្រូវខ្ពស់។

គួរបញ្ជាក់ថា អគារទីស្ដីការក្រសួងមហាផ្ទៃ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ។ អគារនេះ មានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តដែលអាចចតរថយន្តក្នុងអគារបានសរុបចំនួន ៣៣០គ្រឿង។

លេីសពីនេះ ប្លង់ស្ថាបត្យកម្មនៃអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ អនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ និងគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ និងខ្យល់ធម្មជាតិ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើប ៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner