យោធាមីយ៉ាន់ម៉ាពន្យារពេលបោះឆ្នោត និងបន្តដាក់ប្រទេសក្នុងស្ថានភាពគ្រាអាសន្ន
ណៃពិដោ៖ ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ាបានចុះផ្សាយថា របបយោធាដែលកំពុងគ្រប់គ្រងអំណាចនៅមីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលរបស់លោកស្រី អោងសាន ស៊ូជី បានសំរេចពន្យារពេលបោះឆ្នោតសកល និងបន្តដាក់ប្រទេសក្នុងស្ថានភាពគ្រាអាសន្ន។
ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិមីយ៉ាន់ម៉ា នៅថ្ងៃចន្ទនេះ បានសម្រេចបន្តដាក់ប្រទេសក្នុងស្ថានភាពគ្រាអាសន្នរយៈពេល ៦ខែបន្ថែមទៀត ក៏ដូចជាពន្យារពេលការបោះឆ្នោត ដែលដំបូងឡើយ របបយោធាបានសន្យាថា នឹងរៀបចំឡើងនៅក្នុងខែសីហានេះ។
ប្រធានាធិបតីស្តីទីមីយ៉ាន់ម៉ា លោក ម្យីន ស្វី នៅក្នុងកិច្ចប្រជុំមួយជាមួយក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ បានបញ្ជាក់ថា ការដាក់ប្រទេសក្នុងស្ថានភាពគ្រាអាសន្ន នឹងត្រូវបន្តពន្យារពេល ៦ខែបន្ថែមទៀត ដោយគិតចាប់ពីថ្ងៃទី០១ ខែសីហានេះតទៅ។
ស្របពេលជាមួយគ្នានេះដែរ ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិមីយ៉ាន់ម៉ា ក៏បានប្រកាសពីការពន្យារពេលរៀបចំការបោះឆ្នោតផងដែរ ដោយលើកហេតុផលថា ស្ថានភាពនៅក្នុងប្រទេសបច្ចុប្បន្ននៅមិនទាន់វិលត្រឡប់មករកភាពប្រក្រតីវិញទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា