សហរដ្ឋអាមេរិក និងអ៊ុយក្រែន នឹងពិភាក្សាគ្នាអំពីការធានាសន្តិសុខ
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក និងអ៊ុយក្រែន គ្រោងធ្វើកិច្ចពិភាក្សាតាមអនឡាញ អំពីការធានាសន្តិសុខ ដែលក្រុមប្រទេស G7 បានសន្យាជាមួយអ៊ុយក្រែន នៅឯកិច្ចប្រជុំកំពូលអង្គការណាតូក្នុងប្រទេសលីទុយអានី។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាត់ស៊្រូ មៀលល្លឺ បានប្រាប់អ្នកកាសែតថា កិច្ចពិភាក្សាអំពីការធានាសន្តិសុខដល់អ៊ុយក្រែន នឹងចាប់ផ្តើមនៅក្នុងសប្តាហ៍នេះ ដោយយោងទៅតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 ដែលបានចេញផ្សាយអំឡុងកិច្ចប្រជុំកំពូលលើកចុងក្រោយរបស់អង្គការណាតូនៅទីក្រុងវីលនីញូស ប្រទេសលីទុយអានី។

ទន្ទឹមគ្នា ជំនួយការរបស់ប្រធានាធិបតីអ៊ុយក្រែន គឺលោក អង់ដ្រេ អ៊ីម៉ាក់ បាននិយាយថា អ៊ុយក្រែនរំពឹងថា ការធានានេះ នឹងជួយអ៊ុយក្រែនឈ្នះជម្លោះជាមួយរុស្ស៊ី។ ទោះជាយ៉ាងណា លោក មៀលល្លឺ បានអះអាងថា ការធានាដែលផ្តល់ជូនអ៊ុយក្រែននៅទីក្រុងវីលនីញូស គឺអំពីការប្តេជ្ញាចិត្តរយៈពេលវែង ដើម្បីរក្សាសន្តិសុខរបស់អ៊ុយក្រែន។

សូមបញ្ជាក់ថា អាមេរិក និងសម្ព័ន្ធមិត្តបានចាក់បញ្ចូលអាវុធ គ្រឿងបរិក្ខារ និងគ្រាប់រំសេវដែលមានតម្លៃជាង ១០០ពាន់លានដុល្លារចូលទៅក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីមានអរិភាពជាមួយរុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០២២ បើទោះបីជាពួកគេមិនមែនជាភាគីជម្លោះក៏ដោយ។
ចំណែករុស្ស៊ីក៏បានព្រមានលោកខាងលិចដែរថា ការបញ្ជូនយោធូបករណ៍ទៅឱ្យអ៊ុយក្រែន គឺជាគោលដៅស្របច្បាប់សម្រាប់យោធារុស្ស៊ី ហើយប្រថុយនឹងការធ្លាក់ចូលទៅក្នុងជម្លោះដោយផ្ទាល់ផងដែរ៕


ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា