ចិន តវ៉ាទៅអាមេរិក ពីការផ្ដល់ជំនួយសព្វាវុធ «ដ៏គ្រោះថ្នាក់» ដល់តៃវ៉ាន់
ប៉េកាំង៖ ប្រទេសចិនបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានដាក់ការតវ៉ាទៅកាន់សហរដ្ឋអាមេរិក ជុំវិញកញ្ចប់ជំនួយសព្វាវុធដល់កោះតៃវ៉ាន់ ដោយជំរុញឱ្យក្រុងវ៉ាស៊ីនតោនបដិសេធមិនបន្តដើរលើផ្លូវ «ខុស និងគ្រោះថ្នាក់» បែបនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការតវ៉ានេះ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានបង្ហាញកញ្ចប់ជំនួយសម្រាប់កោះតៃវ៉ាន់ ដែលមានតម្លៃរហូតដល់ ៣៤៥ លានដុល្លារ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ខណៈសភាអាមេរិក បានផ្តល់សិទ្ធិដល់ការផ្ដល់ជំនួយសព្វាវុធរហូតដល់ ១ ប៊ីលានដុល្លារសម្រាប់កោះនេះ ជាផ្នែកមួយនៃកញ្ចប់ថវិកាឆ្នាំ ២០២៣។
អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Tan Kefei បាននិយាយថា សហរដ្ឋអាមេរិក ត្រូវតែបញ្ឈប់គ្រប់ទម្រង់នៃ «ការឃុបឃិតផ្នែកយោធា» ជាមួយតៃវ៉ាន់។
លោក Tan បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «បញ្ហាតៃវ៉ាន់ បង្កការព្រួយបារម្ភចំពោះផលប្រយោជន៍ស្នូលរបស់ប្រទេសចិន និងជាបន្ទាត់ក្រហមដែលមិនអាចរំលោភបានក្នុងទំនាក់ទំនងចិន-អាមេរិក»។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងទាមទារកោះតៃវ៉ាន់ ថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយព្រមានម្តងហើយម្តងទៀត ប្រឆាំងនឹងគ្រប់ទម្រង់នៃ «ការដោះដូរផ្លូវការ» ផ្សេងៗ រវាងទីក្រុងវ៉ាស៊ីនតោន និងតៃប៉ិ។ យ៉ាងណាមិញ តៃវ៉ាន់ច្រានចោលការទាមទារអធិបតេយ្យភាពរបស់ចិន ហើយនិយាយថា មានតែប្រជាជនតៃវ៉ាន់ទេ ដែលអាចសម្រេចអនាគតរបស់ពួកគេបាន។
សហរដ្ឋអាមេរិក ដែលជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ មានកាតព្វកិច្ចស្របច្បាប់ក្នុងការផ្តល់មធ្យោបាយការពារខ្លួន បើទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការ និងបង្កការខឹងសម្បារពីទីក្រុងប៉េកាំងក៏ដោយ។
ភាពតានតឹងជាមួយចិនក្នុងតំបន់នៅតែបន្តកើតឡើង។ យោងតាមក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ យោធារបស់ប្រទេសចិនបាននិងកំពុងពង្រីកសកម្មភាពយោធារបស់ខ្លួន នៅជុំវិញកោះនេះ ដោយថ្មីៗនេះបានបញ្ជូនយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះជាច្រើនផ្សេងទៀត រួមទាំងយន្តហោះគ្មានមនុស្សបើក ទៅកាន់ភាគខាងត្បូងនៃកោះតៃវ៉ាន់។
ជុំវិញករណីនេះ លោក Tan បាននិយាយថា កងទ័ពរំដោះប្រជាជនចិន កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ ហើយតែងតែមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច៕ ប្រែសម្រួល៖ ហួន ឌីណា