មូលនិធិគន្ធបុប្ផាអំពាវនាវឱ្យប្រុងប្រយ័ត្នពីជំងឺគ្រុនឈាមនៅរដូវវស្សា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មូលនិធិគន្ធបុប្ផា បានអំពាវនាវឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នពីជំងឺគ្រុនឈាមនៅរដូវវស្សា បន្ទាប់ពីក្រុមគ្រូពេទ្យបានប្រើប្រាស់ឈាមប្លាស្មាចំនួន១៦ប្លោក ដើម្បីសង្គ្រោះជីវិតកុមារីអាយុ៩ឆ្នាំម្នាក់ពីជំងឺគ្រុនឈាម។ការអំពាវនាវនេះស្របពេលដែលតាមបណ្ដាខេត្តមួយចំនួន កំពុងធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់សត្វមូសនៅតាមមូលដ្ឋានរបស់ខ្លួន។

មូលនិធិគន្ធបុប្ផាកម្ពុជាបានលើកឡើងតាមរយៈហ្វេសប៊ុកផ្លូវការនៅថ្ងៃទី៣១ខែកក្កដាថាមន្ទីពេទ្យគន្ធបុប្ផា បានប្រកាសឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវមានប្រុងប្រយ័ត្នពីជំងឺគ្រុនឈាមនៅរដូវវស្សានេះ ខណៈដែលក្រុមគ្រូពេទ្យគន្ធបុប្ផាបានប្រើប្រាស់ឈាមប្លាស្មាចំនួន១៦ប្លោក ដើម្បីជួយសង្រ្គោះជីវិតកុមារីអាយុ៩ឆ្នាំម្នាក់។

ប្រភពដដែលបានឱ្យដឹងទៀតថា មុនមកដល់មន្ទីរពេទ្យគន្ធបុប្ផាកុមារីអាយុ៩ឆ្នាំរូបនេះ មានស្ថានភាពធ្ងន់ធ្ងរបំផុតរហូតត្រូវធ្វើការព្យាបាល ៤៨ ម៉ោងនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់។

មូលនិធិគន្ធបុប្ផាកម្ពុជា បានបញ្ជាក់ថា៖ «ការជួយសង្រ្គោះជីវិតកុមារី៩ឆ្នាំរូបនេះ ក៏ដូចជាកុមាររាប់ពាន់នាក់ដទៃទៀតដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាពីមាត់ទ្វារមច្ចុរាជ ត្រូវបានធ្វើឡើងដោយឥតគិតថ្លៃ និងមិនមានការរើសអើងនោះឡើយ»។

ទាក់ទងនឹងជំងឺគ្រុនឈាមនេះដែរ មន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ក៏បានប្រកាសឱ្យដឹងដែរថា នារដូវវស្សានេះ ជារដូវដែលសម្បូរទៅដោយមូសខ្លា ជាហេតុបង្កឱ្យកើតមានជំងឺគ្រុនឈាម ដោយសារការចម្លងពីមូសខ្លាខាំ ដែលភាគច្រើនពីព្រលឹម ទល់ព្រលប់ និងពេលយប់ នៅកន្លែងដែលមានពន្លឺ។

មន្ទីរសុខាភិបាលមណ្ឌលគិរី បានប្រកាសថា មន្ទីរមានវិធានការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាមនៅតាមបណ្ដាភូមិឃុំ ស្រុកមួយចំនួនក្នុងខេត្តមណ្ឌលគិរី ដោយមន្ទីរនឹងធ្វើការបាញ់ថ្នាំសម្លាប់សត្វមូសក្នុងមូលដ្ឋានក្រុងសែនមនោរម្យ និងស្រុកកែវសីមា ចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៩ ខែសីហា ។

ដោយឡែកនៅខេត្តព្រះវិហារ លោក គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តនេះ ក៏បានប្រាប់ឱ្យដឹងផងដែរនៅថ្ងៃទី១ ខែសីហា ថា នៅទូទាំងខេត្តព្រះវិហារ មានស្រុកចំនួនបួន ក្នុងចំណោមក្រុង-ស្រុកទាំងប្រាំបី កំពុងមានការផ្ទុះឡើងនៃជំងឺគ្រុនឈាមនេះ។

លោកបន្តថា ខាងមន្ទីរសុខាភិបាលខេត្តបានចុះអប់រំ ណែនាំប្រជាពលរដ្ឋឱ្យចេះអនាម័យជុំវិញលំនៅឋានរបស់ខ្លួន ហើយក៏បានចុះបាញ់ថ្នាំសម្លាប់សត្វមូសនៅតាមតំបន់ដែលមានការរាតត្បាតនូវជំងឺគ្រុនឈាម ហើយមន្ទីរក៏បានចុះដាក់ថ្នាំអាប៊ែត នៅតាមអាងទឹករបស់ប្រជាពលរដ្ឋនៅទូទាំងខេត្ត និងបានត្រៀមនូវមន្ទីរពេទ្យ និងថ្នាំសង្កូវ ដែលធ្វើយ៉ាងណាសម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ និងកុមារ នៅទូទាំងខេត្តព្រះវិហារផងដែរ។

លោកបញ្ជាក់ដែរថា ចាប់តាំងពីសប្ដាហ៍ទី១ដើមឆ្នាំ២០២៣ រហូតមកដល់សប្ដាហ៍ទី៣០នេះ ជំងឺគ្រុនឈាមនៅក្នុងខេត្តព្រះវិហារសរុបទាំងអស់មានចំនួន ៥៩០ ករណី ក្នុងនោះមានកុមារចំនួន ៣៩៥ករណី ដែលរកឃើញមានជំងឺគ្រុនឈាម ខណៈដែលស្រុកមានការរាតត្បាតជំងឺគ្រុនឈាមខ្លាំងជាងគេ គឺស្រុកជាំក្សាន្ត បន្ទាប់មកស្រុកគូលែន ស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារ។

បើពិនិត្យមើលក្នុងសប្ដាហ៍ទី៣០នេះ ស្រុកទាំងបួននៃខេត្តព្រះវិហារ ដែលមានការរាតត្បាតជំងឺគ្រុនឈាម មានការធ្លាក់ចុះហើយ ព្រោះកាលពីសប្ដាហ៍ទី២៩ មានករណីគ្រុនឈាមចំនួន១១២ករណី ប៉ុន្តែសប្ដាហ៍ទី៣០នេះ គឺបានធ្លាក់ចុះមកត្រឹម ១០០ករណី។ នេះបើតាមលោក គួង ឡូ។

សូមបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាល រយៈពេល ៦ខែ ឆ្នាំនេះ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនឈាមចំនួន ៤ ៦៦៨ ករណី និងមានអ្នកស្លាប់ដោយសារជំងឺនេះចំនួន ១០ ករណីដែលចំនួននេះមានការកើនឡើងជិតពីរដង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានឹងឆ្នាំមុន៕ ដោយ៖ ជា សុខនី

ads banner