ក្រសួងសេដ្ឋកិច្ច រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីកាតព្វកិច្ចប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជូនដល់អ្នកអភិវឌ្ឍន៍លំនៅឋាន និងក្រុមហ៊ុនកាស៊ីណូ ដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួង
កាលពីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីកាតព្វកិច្ចប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជូនដល់អ្នកអភិវឌ្ឍន៍លំនៅឋាន និងក្រុមហ៊ុន កាស៊ីណូ ដែលទទួលបានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានឧស្សាហកម្ម ហិរញ្ញវត្ថុ។
ឯកឧត្តម ម៉ី វ៉ាន់ បានបញ្ជាក់ថាប្រទេសកម្ពុជា បានចូលជាសមាជិកនៃក្រុមប្រទេសអាស៊ី ប៉ាស៊ីហ្វិក (Asia Pacific Group)តាំំងពីឆ្នាំ២០០៤ ហើយការក្លាយខ្លួនជាសមាជិកនេះ កម្ពុជាត្រូវមាន កាតព្វកិច្ចអនុវត្តន៍តាមអនុសាសន៍ទាំង៤០ និងអនុសាសន៍ស្នូលទាំង១១ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
អង្គសិក្ខាសាលានាព្រឹកនេះ នឹងធ្វើការពិភាក្សាលម្អិតពីកាតព្វកិច្ចសំខាន់ៗដែលអ្នកអភិវឌ្ឍលំនៅឋាននិងក្រុមហ៊ុនកាស៊ីណូត្រូវអនុវត្តន៍ ដើម្បីចូលរួមទប់ស្កាត់ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដែល ក្នុងនោះរួមមានៈ ការរៀបចំបង្កើតគោលនយោបាយ និងនីតិវិធីផ្ទៃក្នុងសម្រាប់ទប់ស្កាត់ការលាងសម្អាត ប្រាក់របស់ឧក្រិដ្ឋជននៅពេលធ្វើប្រតិបត្តិទិញលំនៅឋាន និងការប្រតិបត្តិការជាមួយអតិថិជនកាស៊ីណូ ការរៀបចំបង្កើតឱ្យមានមន្រ្តីប្រតិបត្តិគោលការណ៍ស្គាល់អតិថិជន ប្រព័ន្ធរាយការណ៍ប្រតិបត្តិការសង្ស័យ និងប្រតិបត្តិការសាច់ប្រាក់ទៅអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ។
ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាល បានធ្វើការសិក្សាស្រាវជ្រាវក្រោមជំនួយបច្ចេកទេសរបស់ដៃគូរអភិវឌ្ឍន៍ធនាគារ ពិភពលោក រៀបចំជាយន្តការតាមដានត្រួតពិនិត្យហានិភ័យ ការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មសម្រាប់វិស័យអចលនវត្ថុ និងកាស៊ីណូ ក្នុងគោលដៅការពារ ទប់ស្កាត់ភាពងាយរងគ្រោះក្នុង វិស័យនេះ និងដើម្បីធានាឱ្យបាននូវភាពរឹងមាំក្នុងការចូលរួមទ្រទ្រង់ប្រព័ន្ធហិរញ្ញវត្ថុជាតិ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ម៉ី វ៉ាន់ ក៏បានស្នើឱ្យអ្នកអភិវឌ្ឍន៍លំនៅឋាន និង ក្រុមហ៊ុនកាស៊ីណូដែលទទួលបានអាជ្ញាប័ណ្ណទាំងអស់ សូមចូលរួមក្នុងការអនុវត្តកាតព្វកិច្ចសំខាន់ៗដែល មានចែងជាធរមានក្នុងច្បាប់ និងប្រកាសស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ឱ្យមាន ប្រសិទ្ធិភាពខ្ពស់ ដើម្បីចូលរួមទប់ស្កាត់ និងការពារអ្នកអភិវឌ្ឍលំនៅឋាន និងវិស័យកាស៊ីណូ ឱ្យរួចផុតពីភាព ងាយរងគ្រោះក្នុងការលាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕ធ.ដ