រុស្ស៊ីនាំចេញគ្រាប់ធញ្ញជាតិស្ទុះឡើងដល់កម្រិតកំណត់ត្រាខ្ពស់បំផុត
មូស្គូ៖ រុស្សីបានផ្គត់ផ្គង់គ្រាប់ធញ្ញជាតិក្នុងបរិមាណដ៏ច្រើនសម្បើមដល់ទីផ្សារពិភពលោកកាលពីខែមុន បើទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចក៏ដោយ នេះបើយោងតាមសហភាពគ្រាប់ធញ្ញជាតិរុស្ស៊ី (RGU)។
ទិន្នន័យបានបង្ហាញថា ការនាំចេញរបស់រុស្ស៊ី ក្នុងខែកក្កដា មានចំនួន ៥.៦៨លានតោននៃដំណាំគ្រាប់ធញ្ញជាតិ រួមទាំងកំណត់ត្រាស្រូវសាលីចំនួន ៤.៥៤លានតោន។ តួលេខនេះគឺខ្ពស់ជាង ១.៦ដង បើធៀបនឹងក្នុងខែដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះអ្នកទិញស្រូវសាលីកំពូលទាំងបីរបស់រុស្ស៊ី គឺប្រទេសអារ៉ាប៊ីសាអូឌីត ៥៧៨,០០០តោន, តួកគី ៥១៨,០០០តោន និងអេហ្ស៊ីប ៤៦៧,០០០តោន។
បន្ថែមលើនេះ ក៏មានការដឹកជញ្ជូនទៅកាន់ប្រទេសអ៊ីស្រាអែល ៣៤៥,០០០តោន, បង់ក្លាដែស ២២២,០០០តោន, តង់ហ្សានី ៩៤,០០០តោន និងស៊ូដង់ ៦៨,០០០តោន។ ជាមួយគ្នានេះ បណ្តាប្រទេសនៅអាមេរិកឡាទីន បានក្លាយជាអ្នកទិញស្រូវសាលីរបស់រុស្ស៊ីថ្មី តួយ៉ាងគ្រាប់ធញ្ញជាតិ ៦២,០០០តោនត្រូវបានដឹកជញ្ជូនទៅប្រទេសប្រេស៊ីល និង ៤៩,០០០តោនទៅប្រទេសប៉េរូ។
សូមបញ្ជាក់ថា រុស្ស៊ីបានរក្សាឋានៈរបស់ខ្លួន ក្នុងនាមជាប្រទេសនាំចេញទំនិញកសិកម្មក្នុងឆ្នាំ ២០២២ ដោយឈរនៅលំដាប់ទី ៥ នៅលើពិភពលោក ក្នុងការនាំចេញស្រូវសាលី។ ជាក់ស្តែង ការប្រមូលផលកសិកម្មរបស់រុស្ស៊ីបានឈានដល់កំណត់ត្រាកាលពីឆ្នាំមុន ដោយកសិករប្រមូលបានច្រើនជាង ១៥០លានតោន នៃគ្រាប់ធញ្ញជាតិ រួមទាំងស្រូវសាលីជាង ១០០លានតោន៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា