រុស្ស៊ីចង់បង្កើតកំណត់ត្រាថ្មី ក្នុងការចែកចាយឧស្ម័នទៅប្រទេសចិន
មូស្គូ៖ ក្រុមហ៊ុនថាមពលដ៏ធំរបស់រុស្ស៊ី Gazprom បានផែនការបង្កើតកំណត់ត្រាថ្មីមួយ សម្រាប់ការចែកចាយឧស្ម័នប្រចាំថ្ងៃទៅកាន់ប្រទេសចិន តាមរយៈបំពង់បង្ហូរឧស្ម័ន The Power of Siberia។
ប្រទេសរុស្ស៊ីបានផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ខ្លួន ស្ថិតក្រោមកិច្ចសន្យារយៈពេលវែងរវាងក្រុមហ៊ុន Gazprom និងសាជីវកម្មប្រេងជាតិចិន (CNPC)។ បំពង់បង្ហូរឧស្ម័ន The Power of Siberia គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងមានតម្លៃ ៤០០ពាន់លានដុល្លារក្នុងរយៈពេល ៣០ឆ្នាំរវាងក្រុមហ៊ុនរុស្ស៊ី Gazprom និងក្រុមហ៊ុនចិន CNPC ដែលត្រូវបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៤។
បច្ចុប្បន្ននេះ ប្រទេសចិនទទួលបានឧស្ម័នរុស្ស៊ី ភាគច្រើនតាមរយៈបំពង់បង្ហូរឧស្ម័ន The Power of Siberia ដែលជាផ្នែកនៃអ្វីដែលហៅថា ផ្លូវខាងកើត។ ផ្លូវនេះបានបើកដំណើរការក្នុងខែធ្នូ ឆ្នាំ ២០១៩ ដែលបានក្លាយជាបំពង់បង្ហូរឧស្ម័នដំបូងគេ សម្រាប់ផ្គត់ផ្គង់ឧស្ម័នរុស្ស៊ីទៅកាន់ប្រទេសចិន។
សូមរម្លឹកថា កាលពីឆ្នាំមុន រុស្ស៊ីបានផ្គត់ផ្គង់ឧស្ម័ន ១៥,៥ពាន់លានម៉ែត្រគូបទៅកាន់ប្រទេសចិន តាមរយៈបំពង់បង្ហូរឧស្ម័ន The Power of Siberia។ យោងតាមឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាឡិចសាន់ឌើ ណូវ៉ាក់ ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសចិន តាមរយៈបំពង់បង្ហូរឧស្ម័ននេះ នឹងកើនឡើងដល់ ២២ពាន់លានម៉ែត្រគូបនៅឆ្នាំ ២០២៣នេះ ខណៈដែលរុស្ស៊ីកំពុងបន្តជំរុញកិច្ចសហប្រតិបត្តិការថាមពលជាមួយចិន៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា