យោធិននារីនៅខេត្តកំពង់ធំ អរគុណរាជរដ្ឋាភិបាល ចំពោះគោលនយោបាយក្នុងពេលសម្រាកលំហែមាតុភាព
កំពង់ធំ៖ យោធិននារី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានថ្លែង អំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ ដែលបានជួយឧបត្ថម្ភថវិកាគោល នយោបាយសម្រាប់ដោះស្រាយដល់ការលំបាករបស់យោធិននារី ក្នុងពេលសម្រាកលំហែមាតុ ភាព ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ បានថ្លែងកោតសរសើរដល់ក្រុមការងារយេនឌ័រ និងយោធិនទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តនូវតួនាទីភារកិច្ចការងារយេនឌ័រនាពេលកន្លងមក និងបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូន ក្រុមការងារយ៉េនឌ័រ និងយោធិនទាំងអស់ដែលត្រូវអនុវត្តន៍បន្តផងដែរ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងដូច្នេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយេនឌ័រឆមាសទី១ និងដាក់ទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៣ និងប្រគល់ថវិកាគោលនយោបាយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ ជូនយោធិននារី ៥រូប នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ។
លោកស្រីវរសេនីយ៍ទោ យូ មុន្នីរ័ត្ន នាយសេនាធិការរង និងជាប្រធានក្រុមការងារយេនឌ័រ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអានរបាយការណ៍លទ្ធផលសកម្មភាព ក្នុងការអនុវត្តការងារយេនឌ័រនៅឆមាសទី១ និងទិសដៅសម្រាប់អនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៣ និងបានណែនាំអំពីតួនាទីភាកិច្ចមួយចំនួនបន្ថែមទៀតពីកិច្ចការងារយេនឌ័រ ដែលនាត្រូវចូលរួមអនុវត្តបន្តនៅពេលខាងមុខ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអញ្ជើញប្រគល់ថវិកាគោលនយោបាយរបស់រាជរដ្ឋា ភិបាលតាមរយៈក្រសួងការពារជាតិ ជូនដល់យោធិននារីចំនួន ៥រូប ដែលបានសម្រាកលំហែមាតុភាពក្នុងរយៈពេលកន្លងមក ដោយយោធិននារី ១រូបទទួលបានថវិកា ៨០ម៉ឺនរៀល និងថវិកាឧបត្ថម្ភរបស់អង្គភាពនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងម្នាក់ៗ ២០ម៉ឺនរៀលបន្ថែមទៀត ៕ដោយ ប៊ុន រដ្ឋា