ឯកឧត្តម សាយ សំអាល់ ៖ ស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់កេសរកូល និងហេដ្ឋារចនាសម្ព័ន្ធនានា នៅឧទ្យានជាតិព្រះជ័យវរ្ម័នភ្នំគូលែន ជាការទ្រទ្រង់ គោលនយោបាយនាំចេញនៅនឹងកន្លែង សេដ្ឋកិច្ចគ្រួសារ និងទេសចរណ៍ផ្សារភ្ជាប់ទឹកដី
សៀមរាប ៖ ស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់កេសរកូល និងហេដ្ឋារចនាសម្ពន្ធ័នានា នៅឧទ្យានជាតិព្រះជ័យវរ្មន័ភ្នំគូលែន ជាការទ្រទ្រង់ គោលនយោបាយនាំចេញនៅនឹងកន្លែង សេដ្ឋកិច្ចគ្រួសារ និងទេសចរណ៍ផ្សារភ្ជាប់ទឹកដី នេះជាការលើកឡើង របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសដាក់សម្ពោធឱ្យប្រើប្រាស់ ស្នាក់ការឧទ្យានរក្ស និង ផ្ទះស្នាក់កេសរកូល នៅឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី ០២ ខែសីហា ឆ្នាំ២០២៣ ។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ការរៀបចំឧទ្យានជាតិឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធ ដូចជាស្នាក់ការឧទ្យានុរក្ស ផ្ទះស្នាក់មជ្ឈមណ្ឌលកេសរកូល ផ្លូវ ទឹកស្អាត និងបង្គន់អនាម័យ ផ្សារសហគមន៍ ដើម្បីបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រង កិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះ លើកកម្ពស់ការសិក្សាស្រាវជ្រាវ ការថែរក្សា និងអភិរក្សធនធានពិន្ធុ ការបម្រើឱ្យទេសចរណ៍ផ្សារភ្ជាប់នឹងទឹកដី និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងការលើកកម្ពស់សុខមាលភាព និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីឧទ្យានុរក្សក្នុងនាមជាឆ្មាំការពារព្រៃ ។
ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា ទីតាំងសាងសង់ ទីស្នាក់ការនេះ គឺជាចំណុចកណ្តាល ដែលអាចផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរវាងស្រុកស្វាយលើ ស្រុកបន្ទាយស្រី និងទីរួមខេត្តសៀមរាប ជាពិសេស ដើម្បីសម្រួលដល់ការងារត្រួតពិនិត្យអ្នកធ្វើដំណើរឡើងចុះឧទ្យានជាតិ ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដែលមានផ្ទៃដីទំហំ ៣៧.៣៧៣ហិកតា ជាតំបន់អាទិភាពមួយនៃតំបន់អេកូឡូស៊ីព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង ស្ថិតនៅរយៈកម្ពស់មធ្យមនិងទទួលរងអាកាសធាតុមូសុង ដែលផ្តល់លក្ខខណ្ឌដល់ការលូតលាស់ជីវៈចម្រុះគ្រប់ប្រភេទ ។
ក្រៅពីផ្ទះស្នាក់កេសរកូល ក្រសួងបរិស្ថាន ក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់បន្ថែមទៀត នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលដូចជា សួនកេសរកូលពូជបង្កាត់ សួនមេអំបៅ សួនវ៉ាន់នីឡា សួនបន្លែធម្មជាតិ ហាងកាហ្វេ តូបលក់ផលិតផលធម្មជាតិ ស្តាប្រឡាយធម្មជាតិ តំឡើងថាមពលពន្លឺព្រះអាទិត្យកំលាំង ៣៣KW និងរៀបចំកសិដ្ឋានចិញ្ចឹមជ្រូកគូលែនជាដើម។
គួរបញ្ជាក់ថា៖ អាគារដែលបានដាក់សម្ពោធនេះ មានចំនួន៣ ជាប់គ្នា អាគារធំនៅចំកណ្តាល និងអាគារតូចៗចំនួន២ អមសងខាង នៅលើផ្ទៃដីសរុប ទំហំ១០ ហ.ត ស្ថិតក្នុងភូមិសាស្ត្រ ភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី (ទល់មុខសួនកេសរកូល) បានសាងសង់ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ហើយបានបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣៕ដោយ / គ្រី សម្បត្តិ
















