សេណេហ្គាល់ បិទខ្ទប់ការចូលទៅប្រើប្រាស់កម្មវិធី តិក តុក ក្រោយរំលាយគណបក្សប្រឆាំងដ៏សំខាន់
សេណាហ្គាល់៖ កាលពីថ្ងៃពុធ កន្លងទៅថ្មីៗនេះ អាជ្ញាធរសេណេហ្គាល់បានបិទខ្ទប់ការចូលទៅប្រើប្រាស់បណ្តាញសង្គម TikTok ក្នុងគោលដៅគៀបសង្កត់ទៅលើក្រុមប្រឆាំង បន្ទាប់ពីទើបនឹងរំលាយគណបក្សប្រឆាំងដ៏សំខាន់របស់ប្រទេស ហើយបានចាប់មេដឹកនាំរបស់បក្សប្រឆាំងទៅឃុំឃាំង។
ការតស៊ូអំណាចគ្នារវាងមេដឹកនាំគណបក្ស Pastef លោក Ousmane Sonko និងប្រធានាធិបតីលោក Macky Sall បានបង្កឱ្យមានបាតុកម្មហិង្សាផ្ទុះឡើងជាថ្មី កាលពីថ្ងៃចន្ទ។ ការណ៍នេះ បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ប្រទេសសេណេហ្គាល់ ដែលត្រូវបានគេចាត់ទុកថាជាប្រទេសប្រជាធិបតេយ្យមានស្ថិរភាពបំផុតមួយនៅអាហ្វ្រិកខាងលិច ត្រូវបានបំផ្លាញត្រឹមមួយបព្រិចភ្នែក។
តំបន់អាហ្វ្រិកខាងលិច គឺជាតំបន់ដ៏ក្តៅគគុក ពោរពេញទៅដោយរលកកម្តៅនៃរដ្ឋប្រហារយោធាក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ដោយមិនថមថយសោះឡើយ ជាក់ស្តែងដូចជានៅក្នុងប្រទេសនីហ្សេរីយ៉ា កាលពីមួយសប្តាហ៍មុន។
ប្រទេសសេណេហ្គាល់ បានរំលាយគណបក្ស Pastef និងរឹតបន្តឹងការចូលប្រើអ៊ីនធឺណិតតាំងពីថ្ងៃចន្ទមក ដោយលើកឡើងថាវាកំពុងគំរាមកំហែងដល់ស្ថិរភាពរបស់ប្រទេស។ ចំណែកឯការបិទខ្ទប់ចូលទៅប្រើប្រាស់កម្មវិធី TikTok វិញ ក៏ត្រូវបានរដ្ឋមន្ត្រីទំនាក់ទំនងរបស់រដ្ឋាភិបាលបច្ចុប្បន្នលើកហេតុផងស្រដៀងគ្នានេះដែរ។
លោក Moussa Bocar Thiam រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ទូរគមនាគមន៍ និងសេដ្ឋកិច្ចឌីជីថលសេណេហ្គាល់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា កម្មវិធី TikTok គឺជាបណ្តាញសង្គមសំណប់ចិត្តរបស់ក្រុមដែលមានចេតនាអាក្រក់ដើម្បីផ្សព្វផ្សាយសារស្អប់ខ្ពើម និងសារបំផ្លាញប្រព័ន្ធនយោបាយ។
ដោយឡែក លោក Sonko ដែលជាប្រធានគណបក្សប្រឆាំង Pastef ត្រូវបានអាជ្ញាធរចោទប្រកាន់ និងចាប់ទៅឃុំខ្លួន តាំងពីថ្ងៃសៅរ៍មកម្ល៉េះពីបទរៀបចំការបះបោរ និងបទល្មើសផ្សេងទៀត។
អ្នកគាំទ្រគណបក្សប្រឆាំងដែលបានធ្វើបាតុកម្មស្ទើរតែពេញមួយឆ្នាំកន្លងមកនេះ បានចោទប្រធានាធិបតីលោក Macky Sall ថាជាអ្នកដាក់កំហិតរឿងនេះ ក្នុងគោលបំណងដើម្បីដកសិទ្ធិលោក Sonko ដើម្បីចូលរួមក្នុង ការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំ ២០២៤។
យ៉ាងណាមិញ រដ្ឋាភិបាលសេណេហ្គាល់បច្ចុប្បន្ន បានបដិសេធចំពោះរឿងនេះ ហើយបែរទៅបន្ទោសលោក Sonko និង គណបក្ស Pastef ចំពោះការបង្កឱ្យមានហឹង្សាកើតឡើងក្នុងប្រទេស។
គួរជម្រាបថា កុប្បកម្មនៅក្នុងប្រទេសសេណេហ្គាល់បានផ្ទុះឡើងនៅទូទាំងប្រទេសតាំងពីខែមិថុនា ដោយមានមនុស្សស្លាប់យ៉ាងហោចណាស់ ១៦ នាក់ បន្ទាប់ពីលោក Sonko ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំពីបទប្រព្រឹត្តអសីលធម៌ចំពោះមនុស្សដែលមានអាយុក្រោម ២១ ឆ្នាំ។
ចំណែកហិង្សាកាលពីយប់ថ្ងៃចន្ទ មនុស្សពីរនាក់ត្រូវបានសម្លាប់នៅក្នុងការតវ៉ាប្រឆាំងមួយនៅភាគខាងត្បូងទីក្រុង Ziguinchor ឯមនុស្ស២នាក់ទៀតត្រូវបានឆេះស្លាប់កាលពីថ្ងៃអង្គារថ្មីៗនេះ នៅពេលដែលអ្នកបង្កហិង្សាបានគប់គ្រាប់បែកសាំងចូលទៅក្នុងឡានក្រុងដឹកអ្នកដំណើរ៕
ដោយៈ ស្រ៊ុន សិរីវឌ្ឍនៈ
ប្រភព៖ https://www.reuters.com/world/africa/senegal-suspends-tiktok-saying-it-was-threatening-stability-2023-08-02/