តៃវ៉ាន់ បាន បិទ ផ្សារលក់ដូរទំនិញ និងសាលារៀន ដោយសារព្យុះទីហ្វុង
តៃប៉ិ: នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នេះ តៃវ៉ាន់បានបិទផ្សារលក់ដូរទំនិញ និងសាលារៀនដែលស្ថិតនៅភាគខាងជើង រួមទាំងរដ្ឋធានីតៃប៉ិផងដែរ ដោយសារតែព្យុះទីហ្វុងឈ្មោះថា ខាណុន កំពុងបក់បោកទៅកាន់តំបន់ទាំងនោះ ចំពេលមានការព្រមានអំពីទឹកជំនន់ និងខ្យល់បក់ខ្លាំងនឹងកើតមានឡើង។
ការិយាល័យអាកាសធាតុរបស់តៃវ៉ាន់បានចាត់ថ្នាក់ព្យុះទីហ្វុង ខាណុន ថាជាកម្រិតខ្យល់ព្យុះទីហ្វុងខ្លាំងបំផុតទីពីរ ដែលកំពុងធ្វើដំណើរយឺតៗឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគឦសាននៃកោះតៃវ៉ាន់ ជាមួយនឹងកម្លាំងខ្យល់អតិបរមាចំនួន ២០៩ គីឡូម៉ែត្រក្នុងមួយម៉ោង។
កាលពីព្រឹកថ្ងៃពុធ ព្យុះនេះបានបោកបក់ខ្សែបណ្តាញអគ្គិសនីនៅតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ប្រទេសជប៉ុននៅក្នុងខេត្ត អូគីណាវ៉ា ដោយផ្តាច់ចរន្តអគ្គិសនី បណ្ដាលឱ្យប៉ះពាល់ដល់គ្រួសាររហូតដល់ទៅជាង ពីរសែនគ្រួសារ និងបានសម្លាប់បុរសម្នាក់ទៀតផង។
ដោយឡែក នៅថ្ងៃព្រហស្បតិ៍នេះ តៃប៉ិ បានបិទទីក្រុងភាគខាងជើងរួមមាន ញូវតៃប៉ិ (New Taipei) ទីក្រុងគីលុង (Keelung) ទីក្រុងយីឡាន (Yilan) និងរដ្ឋធានីតៃប៉ិផ្ទាល់ ពោលគឺបិទមិនឱ្យមានសកម្មភាពអាជីវកម្ម ព្រមទាំងសាលារៀនផងដែរ។
លើសពីនេះ ទីផ្សារភាគហ៊ុន និងទីផ្សារប្តូរប្រាក់បរទេសរបស់តៃវ៉ាន់ក៏ត្រូវបិទផងដែរ។
យោងតាមការព្យាករកម្លាំងទឹក ភ្លៀងមានសរុបរហូតដល់ទៅ ០,៦ ម៉ែត្រនៅតំបន់ភ្នំភាគកណ្តាលកោះតៃវ៉ាន់ ខណៈកម្លាំងទឹកភ្លៀងចំនួន ០,៣ ម៉ែត្រនៅលើភ្នំក្បែរទីក្រុងតៃប៉ិ។
យោងតាមមន្ត្រីឧតុនិយមបានលើកឡើងថា ព្យុះទីហ្វុង ខាណុន កំពុងធ្វើដំណើរឆ្លងកាត់មហាសមុទ្រ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿន ៤ គីឡូម៉ែត្រ ហើយនឹងធ្វើដំណើរកាត់ឆ្នេរសមុទ្រភាគខាងជើងរបស់កោះតៃវ៉ាន់នៅល្ងាចថ្ងៃព្រហស្បតិ៍មុនពេលប្ដូរទិសដៅទៅកាន់ភាគឦសាននៅថ្ងៃសុក្រ។
នៅក្នុងថ្ងៃព្រហស្បតិ៍នេះផងដែរ ជើងហោះហើរក្នុងស្រុក និងអន្តរជាតិចំនួនជិត ៣០ ជើងហោះហើរត្រូវបានលុបចោល ហើយកាណូតក្នុងស្រុកទាំងអស់នឹងត្រូវផ្អាកជាបណ្ដោះអាសន្នផងដែរ។
ក្រសួងការពារជាតិបានប្រកាសថា មជ្ឈមណ្ឌលឆ្លើយតបបន្ទាន់មួយត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលកណ្តាល ហើយមានទាហានរាប់រយនាក់កំពុងប្រចាំការ និងត្រៀមខ្លួនចាំចុះជួយក្នុងគ្រាអាសន្ននៅទីក្រុងភាគខាងជើង៕
ប្រែសម្រួល: ធា សុណា
ប្រភពព័ត៌មាន៖ Channel NewsAsia Taiwan to shut markets, schools as strong Typhoon Khanun approaches