កម្ពុជា-ថៃ បង្ហាញពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីជំរុញផលប្រយោជន៍សេដ្ឋកិច្ច សង្គម និងវប្បធម៌
(ភ្នំពេញ)៖ ប្រទេសកម្ពុជា និងថៃបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាមួយតាមរយ:កិច្ចសហប្រតិបត្តិការ លើវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដ៏ល្អប្រសើររវាងកម្ពុជា ថៃ បានចូលរួមចំណែកយ៉ាងខ្លាំងដល់ការពង្រឹងទំនាក់ទំនងទាំងនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និងទំនាក់ទំនងជាមិត្តភាព។

ការលើកឡើងបែបនេះក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក ឆឺតគៀត អាត់ថៈកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ ។

ឯកឧត្តម អ៊ិត សំហេង បន្តថា ចំពោះកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងភាគីកម្ពុជា និងភាគីថៃ ជាពិសេសភាគីទាំងពីរបានខិតខំអនុវត្តបានយ៉ាងល្អនូវអនុស្សារណៈយោគយល់គ្នាចំនួន៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ការផ្លាស់ប្តូរកម្លាំងពលកម្ម និងការរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលផ្អែកលើក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការនេះ ជាអំណោយផលល្អដល់ការជំរុញកំណើនសេដ្ឋកិច្ច សង្គម វប្បធម៌ វិស័យអប់រំជាដើម គឺមានការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកបានយ៉ាងល្អប្រសើរ ។
ឯកឧត្តមរដ្ឋមន្រ្តីបញ្ជាក់ថា”ការបើកឱកាសការងារជូនប្រជាពលរដ្ឋកម្ពុជាទៅធ្វើការនៅប្រទេសថៃ ពិតជាបានរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចប្រទេសទាំងពីរទទួលបាននូវវឌ្ឍភាពជាច្រើន ហើយពលករកម្ពុជាក៏ទទួលបាននូវប្រាក់ចំណូល និងបទពិសោធន៍ការងារ រួមទាំងជំនាញ ចំណេះដឹងផ្សេងៗផងដែរ”។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា នៅក្នុងប្រទេសកម្ពុជាមិនខ្វះទេការងារដែលមានចំណូល សមរម្យដូចនៅប្រទេសថៃ ប៉ុន្តែដោយសារតែប្រជាពលរដ្ឋចង់ទៅធ្វើការនៅក្រៅប្រទេស ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាក៏ផ្ដល់ជម្រើស និងជួយសម្របសម្រួលឱ្យពួកគេបានទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ ។
បើតាមក្រសួងការងារបានបញ្ជាក់ឱ្យដឹងថា៖ ភាគីទាំងពីរក៏បានឯកភាពគ្នាផងដែរ នឹងពិនិត្យមើលការលើកទឹកចិត្តឱ្យបងប្អូនពលករកម្ពុជា ប្រើប្រាស់ប្រព័ន្ធធនាគាក្នុងការផ្ញើប្រាក់ជូនក្រុមគ្រួសារនៅស្រុកដើម្បីជួយកាត់បន្ថយនូវហានិភ័យនានា និងងាយស្រួលដល់ការគ្រប់គ្រងផងដែរ ៕

ដោយ ៖ ម៉ាដេប៉ូ