នាយសេនាធិការកងទ័ពជើងគោក ជំរុញកងពលអន្តរាគមន៍ខិតខំហ្វឹងហ្វឺនឱ្យក្លាយជាធនធានម នុស្សការពារជាតិ

អត្ថបទដោយ៖
CPA

ភ្នំពេញ: មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក បានជំរុញដល់កងពលអន្តរាគមន៍លេខ១ យកចិត្តទុកដាក់ក្នុងការហ្វឹកហ្វឺន រៀនសូត្រ និងគោរពវិន័យ ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួនក្លាយជាធន ធានមនុស្សសម្រាប់បម្រើការពារជាតិមាតុភូមិ និងរួមចំណែកដល់ការពារស្ថិរភាពសង្គម និងការអភិវឌ្ឍនៅកម្ពុជា។
ការជំរុញនេះធ្វើឡើងកំលុងពេល មេបញ្ជាការរង នាយសេនាធិការកងទ័ពជើងគោក លោក ខឹមជា សាឃឿន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនឆ្នាំ២០២២ និងបើកវគ្គហ្វឹកហ្វឺនប្រចាំឆ្នាំ២០២៣ របស់កងពលតូចអន្តរាគមន៍លេខ១ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នៅកងពលតូចអន្តរាគមន៍លេខ១ខេត្តកំពង់ឆ្នាំង។ នេះបើតាមប្រភពកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។

ក្នុងពិធីនោះដែរលោក ខឹមជា សាឃឿន បានលើកឡើងថា ការបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកជំនាញផ្សេងៗឱ្យដល់កងយោធពលខេមរភូមិន្ទ នៅឆ្នាំ២០២២ គឺកងពលតូចអន្តរាគមន៍លេខ១ បានដំណើរការហ្វឹកហ្វឺនឆ្នាំ២០២២ មាន១៣វគ្គ ដោយមានអ្នកចូលរួមចំនួន១៤៥៥នាក់ យោធាចារ្យ ១០៥នាក់។ ដោយឡែកនៅឆ្នាំ២០២៣នេះ កងពលតូចអន្តរាគមន៍លេខ១ បានបន្តដំណើរការបើកវគ្គហ្វឹកហ្វឺនចំនួន ១១វគ្គ មានអ្នកចូលរួមចំនួន ៩៦៩នាក់ ក្នុងនោះសិក្ខាកាម៨៨១ នាក់ និងយោធាចារ្យ ចំនួន ៨៨នាក់ ។
តាមរយៈកម្មវិធីនោះ លោក ខឹមជា សាឃឿន បានជំរុញដល់កងពលត្រូវបន្តជំរុញការយកចិត្តទុកដាក់បង្កើនសមត្ថភាពធនធានមនុស្ស ដើម្បីដើរតាមការវិវត្តន៍ជឿនលឿន លើគ្រប់វិស័យក្នុងតំបន់ ពិសេសក្នុងវិស័យការពារជាតិ។ លោកបញ្ជាក់ថា៖«ការហ្វឹកហ្វឺនថ្ងៃនេះ គឺជាការឆ្លើយតបដ៏សមស្របទាន់ពេលវេលាទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាពគុណភាពខ្ពស់ ដើម្បីបំរើឱ្យការបំពេញភារកិច្ច បំរើជាតិ មាតុភូមិរបស់យើងចំពោះមុខ និងទៅថ្ងៃអនាគត»។
បន្ថែមពីនេះលោកឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន ក៏បានវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងរបស់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្រុមគ្រូយោធាចារ្យ និងសិក្ខាកាមដែលបានសហការសាមគ្គី ធ្វើឱ្យសម្រេចនូវផែនការហ្វឹកហ្វឺនប្រចាំឆ្នាំ២០២២ ទទួលបានដោយជោគជ័យ ។ លោកថា៖«សូមបងប្អូនៗដែលទើបបញ្ចប់ការហ្វឹកហ្វឺន និងបងប្អូនៗ ដែលត្រូវហ្វឹកហ្វឺនបន្ត ត្រូវយកចិត្តទុកដាក់ ខិតខំតស៊ូ អនុវត្តឱ្យបានល្អ និងត្រូវព្យាយាមប្រឹងប្រែងបន្ថែមទៀតលើការសិក្សារៀនសូត្រគ្រប់ជំនាញវិជ្ជាជីវៈ ដើម្បីក្លាយជាអ្នកបន្តវេនទៅថ្ងៃអនាគត»។


ពាក់ព័ន្ធកងកម្លាំងនេះដែរ នៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៣០ នៃថ្ងៃបង្កើតកងរាជអាវុធហត្ថ(១៤ កក្កដា ១៩៩៣/១៤ កក្កដា ២០២៣) ដែលរៀបចំឡើងនៅខេត្តកំពង់ឆ្នាំង លោក ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានលើកឡើងថា បេសកកម្មរបស់កងរាជអាវុធហត្ថ គឺរក្សាសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈសន្តិសុខសង្គម និងជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា។ កងរាជអាវុធហត្ថ ក៏ត្រូវបំពេញបេសកកម្មដែលមានលក្ខណៈពិសេសខាងយោធា ដោយទទួលបន្ទុករក្សាសុវត្ថិភាព បំពេញតួនាទីជាកងកិត្តិយស ការពារទីតាំងយោធា និងកិច្ចការប៉ូលិសយោធានៅក្នុង និងក្រៅទីតាំងកងទ័ព។ លោកថា៖«កងរាជអាវុធហត្ថ គឺជាអង្គភាពទ័ពជំនាញមួយ ជាផ្នែកមួយនៃកងយោធពលខេមរភូមិន្ទ មានការអភិវឌ្ឍគ្រប់ផ្នែកដូចជា ការកសាងកម្លាំង ការកសាងហេដ្ឋារចនាសម្ព័ន្ធជំរំជម្រក និងការអប់រំហ្វឹកហ្វឺនរៀនសូត្រ»។
បន្ថែមពីនេះសម្ដេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលកងរាជអាវុធហត្ថបានកសាងនៅក្នុងរយៈពេល៣០ឆ្នាំ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិភាព សណ្តាប់ធ្នាប់សង្គម ធានាបាននូវស្ថិរភាពនយោបាយ និងការពារបានយ៉ាងរឹងមាំនូវខឿនការពារជាតិ ដើម្បីបុព្វហេតុជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៕
ដោយ:សុខ រក្សា

ads banner