កីឡាការិនី ម្ចាស់មេដាយប្រាក់ស៊ីហ្គេម ឆ្នាំ២០២៣ ទួន ស្រីភីន បានបង្ហើបក្តីរំពឹងខ្ពស់ថា ការ ខិត ខំ ហ្វឹកហាត់ប្រដាល់គុនខ្មែរនឹងជួយឲ្យនាងឈានជើងចូលសង្វៀនប្រកួតកម្រិតអន្តរជាតិ។
(ភ្នំពេញ)៖ កីឡាការិនីប្រដាល់គុនខ្មែរ ម្ចាស់មេដាយប្រាក់ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ទួន ស្រីភីន បាននឹងកំពុងហ្វឹកហាត់យ៉ាងខ្លាំងជាមួយមិត្តរួមអាជីពក្នុងក្លឹបប្រដាល់គុនខ្មែ ប្រដាល់ មហិទ្ធិឬទ្ធមេសរថ្ងក គុនខ្មែរ ដើម្បីសម្រួចអភិវឌ្ឍសមត្ថភាពក្រសោបបានឱកាសឡើង សង្វៀន ប្រកួតនៅក្នុងស្រុកឲ្យបានច្រើនទទួលបានកេរ្តិ៍ឈ្មោះ និងប្រាក់កម្រៃយកមកជួយ ទ្រទ្រង់ជីវភាព គ្រួសារ។

ទួន ស្រីភីន អះអាងថា ចាប់តាំងពីនាងចូលប្រឡុកក្នុងអាជីពប្រដាល់គុនខ្មែរ អាជីពមួយនេះបានកែប្រែជីវភាពដែលធ្លាប់តែក្រំបាកមកធូធាកម្រិតមធ្យម ហើយ នាងរំពឹងជឿជាក់ថា តាមរយៈការខិតខំហ្វឹកប្រឹងប្រែងហាត់ពង្រឹងសមត្ថភាព និងជួយឲ្យនាងមានកេរ្តិ៍ឈ្មោះបោះសំឡេងអាចឈានជើងចូលរួមការប្រកួតនៅសង្វៀនអន្តរជាតិនៅក្រៅស្រុក ដើម្បីបង្ហាញគុនខ្មែរទៅកាន់អន្តរជាតិ។
កីឡាការិនីវ័យ២៣ឆ្នាំរូបនេះ បានបញ្ជាក់ទៀតថា សម្រាប់អាជីពប្រដាល់មួយនេះ នាងនឹងនៅតែបន្តឡើងសង្វៀនប្រកួត ព្រោះមានតែអាជីពមួយនេះទេ ដែលអាចរកប្រាក់កម្រៃបានច្រើនផ្តល់ទៅកាន់គ្រួសារនៅឯស្រុកកំណើត ដ្បិតបន្ទុកគ្រួសារទាំងមូលនាងគឺជាអ្នករាប់រង។

ទួន ស្រីភីន បន្ទាប់ពីចប់ការងារជម្រើសជាតិគុនខ្មែរ នាងអាចរកប្រាក់កម្រៃពីការឡើងសង្វៀន ជួបគូប្រជែងអន្តរជាតិក្នុងមួយប្រកួត៣០០ដុល្លារ ខណៈការរំពឹងទុក នាងនឹងពង្រឹងសមត្ថភាពត្រៀមឡើងសង្វៀនក្នុងស្រុកឲ្យបាន២ប្រកួតក្នុងរយៈពេល១ខែ។
គួររំលឹកថា ទួន ស្រីភីន គឺជាកីឡាការិនី ដែលមានប្រភពចេញពីខេត្ត កំពត បានមកកាន់ទីក្រុងភ្នំពេញ ក្នុងឆ្នាំ២០១៦ ។ ការងារមុនចូលប្រឡូកប្រដាល់គុនខ្មែរ នាងធ្វើជាអ្នកជួយលក់បាយម្ហូបនៅមុខរោងចក្រ និងឆ្លៀតពេលហ្វឹកហាត់កីឡាប្រយុទ្ធមួយផងដែរ។ លុះដល់ឆ្នាំ២០២១ នាងបានចូលប្រឡូកជាកីឡាការិនីគុនខ្មែរ ដោយបានហ្វឹកហាត់ជាកីឡាការិនីជម្រើសជាតិរហូតដល់ឆ្នាំ២០២៣ ដណ្តើមបានមេដាយប្រាក់ជូនកម្ពុជា ៕
អត្ថបទ ៖ ជាវ ចន្ធូ
