អ៊ុយក្រែន៖ រុស្ស៊ីមិនអាចពង្រីកខ្លួន វាយទៅមុខបាន ប៉ុន្តែនៅទប់ជាប់តាមសមរភូមិ ដែលខ្លួនកាន់កាប់

កៀវ៖ ក្រុម មន្ត្រី អ៊ុយក្រែន និយាយ កាល ពី ថ្ងៃ ពុធ ថា កង កម្លាំង រុស្ស៊ី មិន អាច រំកិល ខ្លួនឆ្ពោះ ទៅ មុខ តាម បណ្ដោយ សមរភូមិ ជួរ មុខ ប៉ុន្តែ នៅ តែ ទប់ ជាប់ក្នុង តំបន់ ដែល ខ្លួនគ្រប់ គ្រង និង កប់ មីន ក្រោយ ដណ្ដើម បានពី អ៊ុយក្រែន។ នេះ បើ តាម ការ ចុះ ផ្សាយ របស់ ទីភ្នាក់ងារ សារព័ត៌មាន រ៉យទ័រ ដែល ថា ការណ៍ នេះ ធ្វើ ឱ្យ ក្រុង កៀវ មាន ភាព ស្វិត ស្វាញ ប្រយុទ្ធ ខ្លាំង ទាំង ទិស ដៅ ប្រយុទ្ធ នា ភាគ ខាង កើត និង ខាង ត្បូង ។

អនុ រដ្ឋ មន្ត្រី ការពារជាតិ អ៊ុយក្រែន លោកស្រី Hanna Maliar បាន និយាយ ថា កង កម្លាំង រុស្ស៊ី « បាន ព្យាយាម យ៉ាង ខ្ជាប់ ខ្ជួន ដើម្បី បញ្ឈប់ ការ រុល ទៅ មុខ របស់ យើង នៅ ក្រុង បាក់មូដ ប៉ុន្តែ មិន ទទួល ជោគ ជ័យ »។

លោក ស្រី សរសេរ នៅ លើ បណ្ដាញ តេឡេក្រាម បន្ត ទៀត ថា កង កម្លាំង រុស្ស៊ី កំពុង បង្កើន ទ័ព និង បរិក្ខារ យោធា នៅ ក្នុង តំបន់ ចំនួន ៣ បន្ថែម ទៀត នៅ ភាគ ខាង ជើង ដែល មាន ប្រយុទ្ធ គ្នា យ៉ាង ខ្លាំង ក្នុង រយៈ ពេល ប៉ុន្មាន សប្តាហ៍ ថ្មី ៗ នេះ ។
ចំណែក ឯ លោក Oleksiy Danilov លេខាធិការ ក្រុម ប្រឹក្សា សន្តិសុខ អ៊ុយក្រែន វិញ បាន និយាយ ថា កង កម្លាំង រុស្ស៊ី មាន ពេល វេលា គ្រប់ គ្រាន់ ដើម្បី រៀប ចំ ប្រព័ន្ធ ការពារ និង ដាក់ មីន លើ តំបន់ យ៉ាង ធំ ក្នុង រយៈ ពេល ប៉ុន្មាន ខែ ដែល គេ គ្រប់ គ្រង ទឹក ដី របស់ អ៊ុយក្រែន ។

លោក បាន ប្រាប់ ទូរទស្សន៍ ជាតិ ថា រុស្ស៊ី បាន រៀប ចំខ្លួន យ៉ាង ម៉ត់ ចត់ ដើម្បី ទប់ ទល់ នឹង ការ វាយ បក របស់ អ៊ុយក្រែន ដោយ លោក បន្ត ថា ៖ « ចំនួន គ្រាប់ មីន នៅ លើ ទឹក ដី ដែល កង ទ័ព របស់ យើង ដណ្ដើម បាន មក វិញ គឺ មិន នឹក ស្មាន ដល់ ។ ដី មួយ ម៉ែត្រ ការ៉ែ មាន មីន ជា មធ្យ ម រហូត ដល់ ៣ ទៅ ៤ ឬ ៥ គ្រាប់ »។

លោក Danilov បាន អះ អាង ឡើង វិញ នូវ សម្ដី របស់ ប្រធានាធិប តី អ៊ុយក្រែន លោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី ដែល និយាយ ថា ការ រុល ទៅ មុខ របស់ អ៊ុយក្រែន ទោះ យឺត យ៉ាវ ក៏ អ៊ុយក្រែន មិន ត្រូវ ប្រញាប់ ប្រញាល់ ដែរ ដោយ សារ តែមាន គ្រោះ ថ្នាក់ដល់ ជីវិត មនុស្ស ។

ចំណែក ឯ រុស្ស៊ី វិញ បាន អះ អាង ថា ខ្លួន បាន វាយ បក ទៅ កន្លែង វាយ ប្រហារ សំខាន់ ៗ របស់ អ៊ុយក្រែន ១២ ក្នុង តំបន់ ដុនណិតស្ក៍ ដែល ជា ចំណុច ស្នូល សំខាន់ របស់ រុស្ស៊ី ក្នុង រយៈ ពេល ជាច្រើន ខែ កន្លង មក នេះ ។  

សកម្មភាព យោធា រុស្ស៊ី ភាគ ច្រើន ផ្តោត លើ ការ វាយ ប្រហារ តាម អាកាស ដែល បំផ្លាញ ហេដ្ឋា រចនា សម្ព័ន្ធ និង ស្តុក គ្រាប់ ធញ្ញជាតិ នៅក្រុង កំពង់ផែ Izmail ភាគ ខាង ត្បូង ប្រទេស អ៊ុយក្រែន ជា ដើម ។

ក្រសួង ការពារ ជាតិ រុស្ស៊ី ក៏ បាន និយាយ ផង ដែរ ថា កង កម្លាំង របស់ ខ្លួន បាន បំផ្លាញ ដ្រូន របស់ កង ទ័ព ជើង ទឹក អ៊ុយក្រែន ដែល ព្យាយាម វាយ ប្រហារ នាវា ចម្បាំង រុស្ស៊ី ដែល អម ដំណើរ នាវា ស៊ីវិល នៅ សមុទ្រ ខ្មៅ។ ក្រសួង បន្ត ថា អ៊ុយក្រែន បរាជ័យ ក្នុង ការ វាយ ប្រហារ ដើម្បី រុញ កង ទ័ព រុស្ស៊ី ចេញ ទាំង នៅ តំបន់ ភាគ ខាង ជើង និង ខាង ត្បូង នៃ តំបន់ ដុនណិតស្កិ៍ ។

គួរ គូស បញ្ជាក់ ថា កង កម្លាំង អ៊ុយក្រែន បាន បើក ប្រតិបត្តិការ វាយ បក កាល ពី ខែ មិថុនា ដើម្បី ដណ្ដើម យក តំបន់ ដែល រុស្ស៊ី កាន់ កាប់ មក វិញ ហើយ បាន និង កំពុង បន្តវាយ ប្រហារ រុលឆ្ពោះ ទៅ មុខ ភាគ ខាង ត្បូង ពោល គឺ សមុទ្រ Azov។ ក្រុង កៀវ ក៏ បាន និយាយ ផង ដែរ ថា ខ្លួន បាន ដណ្តើម យក មក វិញ នូវ តំបន់ ជិត ក្រុង បាក់មូដ ជា ទីក្រុង ភាគ ខាង កើត ដែល រុស្ស៊ី វាយ យក បាន កាល ពី ខែ ឧសភា ៕ ប្រែសម្រួល:ហួន ឌីណា

ads banner