យុទ្ធនាការ «អន្ទាក់សូន្យ» បានបំផុសការយល់ដឹងដល់មនុស្សជាង ១៤លាននាក់ ខណៈដៃគូពាក់ព័ន្ធ ប្តេជ្ញារួមគ្នាបន្តអនុវត្តយុទ្ធនាការដើម្បីបញ្ចប់វិបត្តិអន្ទាក់នៅកម្ពុជា
ភ្នំពេញ៖ ត្រឹមរយៈពេល ១៣ខែ គឺក្នុងចន្លោះខែមីនា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣ ក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ បានរួមសហការអនុវត្តយុទ្ធនាការអន្ទាក់សូន្យនៅតាមតំបន់ទីប្រជុំជន និងស្រុក ក្នុង ខេត្តចំនួន១២ គឺ៖ ខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ មណ្ឌលគិរី កំពង់ធំ រតនៈគិរី ពោធិ៍សាត់ វាលវែង កំពង់ស្ពឺ កោះកុង សៀមរាម បាត់ដំបង និងប៉ៃលិន។
យុទ្ធនាការអន្ទាក់សូន្យដែលត្រូវបានផ្តួចផ្តើមគំនិត និងដឹកនាំដោយក្រសួងបរិស្ថាន និង ដោយមានការចូលរួមគាំទ្រសហការរៀបចំពីអង្គការដៃគូ បានបិទបញ្ចប់ប្រកបដោយ លទ្ធផលជោគជ័យជាទីមោទនៈបំផុត។ គោលដៅចំបងនៃយុទ្ធនាការនេះគឺ៖ បញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។
ទាំងនេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តយុទ្ធនាការអន្ទាក់សូន្យ ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន សមាជិករដ្ឋសភា ថ្នាក់ដឹកនាំនិងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ ក្នុងវិស័យបរិស្ថាន ។
ឯកឧត្តមរដ្ឋលេខាធិការបន្តថា៖” ជាលទ្ធផលរួម យុទ្ធនាការអន្ទាក់សូន្យបានបំផុសការយល់ដឹងដល់មនុស្សជាង ១៤លាននាក់ ដោយរាប់បញ្ចូលការទទួលបាននូវព័ត៌មាន និងចំណេះដឹងពីយុទ្ធនាការ ទាំងតាមរយៈការចូលរួមក្នុងសកម្មភាពយុទ្ធនាការនេះដោយផ្ទាល់ និងតាមរយៈប្រព័ន្ធសារព័ត៌មានក្នុងស្រុក ក្នុងតំបន់ និងតាមបណ្តាញសង្គមរបស់ក្រសួងបរិស្ថាន រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូ និងភាគីអនុវត្តយុទ្ធនាការទាំងអស់”។
បើតាមរបាយការណ៍ស្តីពីលទ្ធផលជាផ្នែកៗនៃការអនុវត្តយុទ្ធនាការទាំងមូល បានបង្ហាញថា ៖ មានមនុស្សចំនួនប្រមាណជា១ម៉ឺននាក់បានចូលរួមដោយផ្ទាល់ក្នុងសកម្មភាពផ្សេងៗនៃយុទ្ធនាការ និងមានអត្ថបទព័ត៌មានសរុបប្រមាណជា មួយពាន់ ចំណងជើង ត្រូវបានផ្សព្វផ្សាយដល់មនុស្សចំនួនប្រមាណជា ៥លាននាក់ ខណៈមនុស្សចំនួន ៧លាននាក់ ទៀតបានអានសារអប់រំតាមទូរស័ព្ទដៃដែលបានអំពាវនាវឲ្យចូលរួមការពារសត្វព្រៃ ដោយបញ្ឈប់ការដាក់អន្ទាក់ និងកុំពាក់ព័ន្ធនឹងការជួញដូរសត្វព្រៃ។ លទ្ធផលទាំងនេះទទួលបានការសាទរយ៉ាងក្រៃលែងពីសំណាក់គ្រប់ភាគីទាំងអស់នៃយុទ្ធនាការ ។
ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិករដ្ឋសភា និងជាសមាជិកគណ:កម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភាជាតិ បានថ្លែងក្នុងកិច្ចប្រជុំថា៖ «ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងជាពិសេសលទ្ធផលដែលសម្រេចបានរួមគ្នាក្នុងក្របខ័ណ្ឌយុទ្ធនាការអន្ទាក់សូន្យ ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថានដោយមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន ស្ថាប័នអង្គការដៃគូទាំងអស់ ។ ច្បាប់បានកំណត់ថាតំបន់ការពារ និងសត្វព្រៃត្រូវបានចាត់ទុកជាបេតិកភណ្ឌរបស់រដ្ឋ ។ ដូច្នេះយុទ្ធនាការអន្ទាក់សូន្យនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់បរិស្ថាន និងធនធានធម្មជាតិ ជាពិសេសជាផ្នែកមួយរួមចំណែកដល់កិច្ចខិតខំផ្តល់ជម្រកសុវត្ថិភាពដល់ការរស់រានរបស់សត្វព្រៃ សំដៅអភិរក្ស និងស្តារចំនួនសត្វព្រៃឲ្យមានចំនួនកើនឡើង»។
លោក សេង ទៀក នាយកអង្គការ WWF និងជាលេខាធិការដ្ឋាន នៃយុទ្ធនាការ បានឲ្យដឹងថា៖ «ការអនុវត្តយុទ្ធនាការនេះត្រូវបានសារទរពីមជ្ឈដ្ឋានអន្តរជាតិជាច្រើនថាកម្ពុជា ជាប្រទេសដំបូងគេបង្អស់ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានផ្តួចផ្តើមនិង អនុវត្តយុទ្ធនាការអន្ទាក់សូន្យសម្រាប់ជាដំណោះស្រាយចំពោះវិបត្តិអន្ទាក់ក្នុងតំបន់ការពារធម្មជាតិ។ លទ្ធផលនៃយុទ្ធនាការអន្ទាក់សូន្យបានជះឥទ្ធិពលជាវិជ្ជមានដល់ប្រជាជនគ្រប់ស្រទាប់ក្នុងសង្គមកម្ពុជា ដែលបានរួមចំណែកកាត់បន្ថយចំនួនអន្ទាក់ក្នុងតំបន់ការពារ និងចូលរួមចំណែកផ្លាស់ប្តូរឥរិយាបទរបស់ប្រជាពលរដ្ឋឲ្យស្រឡាញ់សត្វព្រៃនិងធម្មជាតិ ។ទោះយ៉ាងណាយើងចាំបាច់ត្រូវបន្តស្មារតីនៃយុទ្ធនាការអន្ទាក់សូន្យនិងការសហការគ្នាដើម្បីជួយដោះស្រាយបញ្ហារួមរបស់យើង»។
លោក ទុយ សេរីវឌ្ឍនា នាយកកម្មវិធីអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិប្រចាំប្រទេសកម្ពុជា មានសេចក្តីរំភើបចំពោះលទ្ធផលវិជ្ជមានជាច្រើនដែលយុទ្ធនាការសម្រេចបាន ក្រោមការដឹកនាំនិងចូលរួមអនុវត្តពីគ្រប់ភាគីពាក់ព័ន្ធយ៉ាងមានប្រសិទ្ធភាព។
គួរបញ្ជាក់ថា៖ក្នុងឆ្នាំ២០២២ អន្ទាក់សរុបប្រមាណជាង ៣៤.០០០ ត្រូវបានដកចេញពីតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា។ នេះជាតួរលេខបង្ហាញពីការថយចុះនៃអត្រាអន្ទាក់ក្នុងព្រៃប្រមាណ៤៤% បើធៀបនឹងលទ្ធផលនៃការដោះអន្ទាក់ក្នុងឆ្នាំ២០២១ ដែលចំនួនអន្ទាក់ប្រមូលបានសរុបមានចំនួនដល់ទៅ ៦១.៦១១ អន្ទាក់។ ចំណែកឯអន្ទាក់ចំនួន ១៤.៣២៥ អន្ទាក់ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិក្នុងឆមាសទី១ ឆ្នាំ២០២៣ នេះ ៕ដោយ ៖ ម៉ាដេប៉ូ