ឥណ្ឌារឹតត្បិតការនាំចូលកុំព្យូទ័រ ដើម្បីជំរុញការផលិតក្នុងស្រុក
ញូវដែលី៖ ប្រទេសឥណ្ឌាបាននិងកំពុងព្យាយាមជំរុញផលិតកម្មគ្រឿងអេឡិចត្រូនិចក្នុងស្រុក ដោយផ្តល់ការលើកទឹកចិត្ត ពាក់ព័ន្ធនឹងការផលិតនៅក្នុងវិស័យមួយចំនួន រួមមានទាំងគ្រឿងអេឡិចត្រូនិកផងដែរ។
យោងតាមការសេចក្តីជូនដំណឹងរបស់រដ្ឋាភិបាល បានឱ្យដឹងថា ប្រទេសឥណ្ឌាបានរឹតបន្តឹងការនាំចូលកុំព្យូទ័រយួរដៃ (Laptop), ថេប្លេត និងកុំព្យូទ័រផ្ទាល់ខ្លួន ក្នុងគោលបំណងជួយជំរុញការផលិតក្នុងស្រុកផ្ទាល់។ បើតាមសេចក្តីជូនដំណឹងដដែល រាល់ការនាំចូលសម្ភារៈប្រើប្រាស់ទាំងនេះ នឹងត្រូវបានចាត់ទុកថា ប្រឆាំងនឹងច្បាប់អាជ្ញាប័ណ្ណ សម្រាប់ការរឹតត្បិតការនាំចូលពីក្រៅប្រទេស។
អតីតអគ្គនាយកនៃស្ថាប័នឧស្សាហកម្មអេឡិចត្រូនិក (MAIT) លោក Ali Akhtar Jafri បាននិយាយថា ស្មារតីនៃការផ្លាស់ប្តូរនេះ គឺដើម្បីជំរុញការផលិតនៅក្នុងប្រទេសឥណ្ឌា… វាមិនមែនជាការរុញច្រាននោះទេ… វាជាការជំរុញលើកទឹកចិត្ត។ កុំព្យូទ័រ ថេប្លេត និងកុំព្យូទ័រផ្ទាល់ខ្លួនរ៉ាប់រងប្រហែល ១.៥ភាគរយនៃការនាំចូលប្រចាំឆ្នាំសរុបរបស់ប្រទេសឥណ្ឌា ហើយជិតពាក់កណ្តាលនៃទំនិញទាំងនោះត្រូវបានទិញពីប្រទេសចិន នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល។
ទោះបីជាយ៉ាងណា កាលពីមុន ប្រទេសឥណ្ឌាបានយកពន្ធខ្ពស់ទៅលើផលិតផលមួយចំនួនមានដូចជាទូរស័ព្ទដៃ ដើម្បីជំរុញទិន្នផលក្នុងស្រុក។ នៅខែមេសា ដល់ខែមិថុនា ការនាំចូលគ្រឿងអេឡិចត្រូនិករបស់ប្រទេសឥណ្ឌា ក្នុងនោះរួមមានកុំព្យូទ័រយួរដៃ, ថេប្លេត និងកុំព្យូទ័រផ្ទាល់ខ្លួន មានទឹកប្រាក់ចំនួន ១៩.៧ពាន់លានដុល្លារ កើនឡើង ៦.២៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ការនាំចូលគ្រឿងអេឡិចត្រូនិកមានចន្លោះពី ៧ទៅ១០ភាគរយនៃការនាំចូលទំនិញសរុបរបស់ប្រទេសឥណ្ឌា៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា