ជំនន់ទឹកភ្លៀង បណ្តាលឱ្យឃុំមួយចំនួន នៅក្នុងភូមិសាស្ត្រស្រុកក្រឡាញ់ និង ស្រុកអង្គរជុំ នៃខេត្តសៀមរាប រងផលប៉ះពាល់

សៀមរាប៖ អាជ្ញាធរស្រុកក្រឡាញ់ បានឲ្យដឹងថា ក្នុងរយៈពេលមួយសប្តាហ៍មកនេះ ឃុំមួយចំនួននៅផ្នែកខាងលើបានទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅឃុំស្នួល និង ឃុំក្រូចគរ ធ្វើឲ្យដំណាំស្រូវវស្សារងផលប៉ះពាល់ចំនួន ៣១៣ហិកតា ក្នុងនោះមាន ស្រូវកណ្ដាល ២៣៦ហិកតា ស្រូវធ្ងន់ ៧៧ហិកតា មានគ្រួសាររងផលប៉ះពាល់ចំនួន ៣១៥គ្រួសារ ព្រមទាំងបានលិចទីធ្លាសាលារៀនមួយកន្លែងផងដែរ ។

លោក ភន សុខុម អភិបាលស្រុកអង្គរជុំ បានឲ្យដឹងថា ឃុំទាំង៥ របស់ស្រុកអង្គរជុំ បានរងផលប៉ះពាល់ដោយជំនន់ទឹកភ្ញៀង ដែលបានហូរធ្លាប់មកពីតំបន់ខាងលើ នៃភូមិសាស្ត្រខេត្តឧត្តរមានជ័យ ធ្វើឲ្យទឹកលិចក្រោមផ្ទះប្រជាពលរដ្ឋ និង ប៉ះពាល់ដំណាំស្រូវ សរុប ១ពាន់៩ ហិកតា ស្មើ ៩៨៨គ្រួសារ និង ទឹកហូដាច់ខូចខាតផ្លូវលំប្រវែងសរុប ៤៩៥ម៉ែត្រ ។

លោក ភន សុខុម បន្តថា អាជ្ញាធរស្រុកបានសហការជាមួយមន្ត្រីជំនាញ និង អាជ្ញាធរមូលដ្ឋាន បានធ្វើការបើមុខទឹក និង ស្តារសម្រាមដែលកកស្ទះនៅតាមប្រព័ន្ធលូមួយចំនួន ក្នុងការសម្រួលចរន្តទឹកហូរឲ្យបានទាន់ពេល ក្នុងការបញ្ជៀសការលិចទីរួមស្រុកបន្តទៅទៀត ។

ក្នុងបេសកកម្មចុះពិនិត្យ និង វាយតម្លៃ ពីស្ថានភាពទឹកជំនន់ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ លោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរទាំងពីរស្រុក ត្រូវបង្កើនការយកចិត្ត តាមដានបន្តទៀត ចំពោះបញ្ហាជំនន់ទឹកភ្លៀងនេះ ពីព្រោះថា រដូវវស្សាទើបចូលមកដល់ ភូមិសាស្ត្រស្រុកមួយចំនួនទទួលរងគ្រោះទឹកជំនន់ តែបើយើងយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម នៅតាមបណ្តាខេត្តនៃកម្ពុជា និងរងនូវសម្ពាធឥដ្ឋិពលនៃព្យុះពីប្រទេសចិន ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ការចុះពិនិត្យ និង វាយតម្លៃនាពេលនេះ គឺដើមី្បឆ្លើយតបឲ្យបានទាន់ពេលវេលា តាមប្រសាសន៍ណែនាំផ្តាំផ្ញើដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើយ៉ាងណាឲ្យអាជ្ញាធរខេត្ត ស្រុក ធ្វើការសិក្សាវាយតម្លៃ បានជាមូលដ្ឋាន អំពីការរងផលប៉ះពាល់ជាក់លាក់ទាំងការងារបង្កបង្កើនផល និងហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងមូលដ្ឋាន រួមនិងតម្រូវការសំណូមពរជាក់ស្ដែង របស់ប្រជាពលរដ្ឋ ដើម្បីជួយអន្តរាគមន៍ធ្វើការស្ដារឡើងវិញឲ្យបានឆាប់រហ័សទាន់ពេលវេលា ៕ដោយ ស៊ាន សុផាត

ads banner