សិក្ខាកាមកម្ពុជា៥០រូប ចូលរួមសិក្ខាសាលាតាមអនឡាញ ដើម្បីពង្រឹងកិច្ចសហការដោះស្រាយបញ្ហាអំពើពុករលួយសកល
ភ្នំពេញ៖សិក្ខាកាមមកពីប្រទេសចំនួន៦០ពីគ្រប់តំបន់នៅទូទាំងពិភពលោក បានមកចូលរួមសិក្ខាសាលាអនឡាញ ដែលរៀបចំដោយសមាគមអន្តរជាតិនៃអាជ្ញាធរប្រឆាំងអំពើពុករលួយ (I AACA) ដើម្បីរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការដោះស្រាយអំពើពុករលួយថ្នាក់តំបន់និងពិភពលោក។នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជាផ្សាយចេញកាលពីថ្ងៃទី៣ខែសីហាឆ្នាំ២០២៣។
អង្គភាពប្រឆាំងអំពើពុករលួយកម្ពុជាបានឱ្យដឹងថា សិក្ខាសាលាអនឡាញរបស់សមាគមអន្តរជាតិនៃអាជា្ញធរប្រឆាំងអំពើពុករលួយ(IAACA)ស្ដីពី”អំពើពុករលួយឥតមានដែនកំណត់បានធ្វើឡើងក្រោមប្រធានបទ៖ តើត្រូវធ្វើកិច្ចសហបតិបត្តិការដូចម្ដេចដើម្បីដោះស្រាយអំពើពុករលួយ?” ។ សិក្ខាសាលានេះបានសហការរៀបចំដោយដៃគូសហការប្រឆាំងអំពើពុករលួយអឺរ៉ុប និងបណ្ដាញទំនាក់ទំនងប្រឆាំងអំពើពុករលួយអឺរ៉ុប (EPAC/EACN) ដែលមានសិក្ខាកាមមកពីប្រទេសចំនួន ៦០ ពីគ្រប់តំបន់នៅទូទាំងពិភពលោក។
សិក្ខាសាលាតាមអនឡាញនេះដែរក៏ត្រូវបានរៀបចំឡើងដោយមានការអញ្ជើញវាគ្មិនប្រកបដោយបទពិសោធន៍ និងចំណេះដឹងខ្ពស់ ក្នុងផ្នែកផ្សេងៗពាក់ព័ន្ធនឹងសហប្រតិបត្តិការអន្តរជាតិក្នុងការប្រឆាំងអំពើពុករលួយ ដែលអញ្ជើញមកពីគណៈកម្មការឯករាជ្យប្រឆាំងអំពើពុករលួយនៃទីក្រុងហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន(ICAC)ការិយាល័យទំនាក់ទំនង នៃអគ្គនាយកដ្ឋានប្រឆាំងអំពើពុករលួយជាតិប្រទេសរ៉ូម៉ានី និងលេខាធិការដ្ឋាន EPAC/EACN។
សិក្ខាសាលានេះមានវាគ្មិនចែករំលែកនូវបទពិសោធន៍ និងជំនាញ នូវប្រធានបទចំនួនបី។ ទី១ កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលប្រឆាំងអំពើពុករលួយអន្តរជាតិ ទី២. កិច្ចសហប្រតិបត្តិការអន្តរជាតិលើសំណុំរឿងប្រឆាំងអំពើពុករលួយ ដើម្បីងាយស្រួលក្នុងការទទួលបានព័ត៌មានសម្រាប់ធ្វើការស៊ើបអង្កេតសំណុំរឿងឆ្លងដែន និងទី៣. ការផ្លាស់ប្តូរការអនុវត្តការងារប្រឆាំងអំពើពុករលួយល្អបំផុត ដើម្បីដកពិសោធន៍ និងជាមេរៀនសម្រាប់ការអនុវត្តរបស់ខ្លួន។
ក្នុងសិក្ខាសាលានេះ លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានដឹកនាំសិក្ខាកាមចំនួន៤៦រូប ដើម្បីចូលរួមក្នុងសិក្ខាសាលាអនឡាញរបស់សមាគមអន្តរជាតិនៃអាជ្ញាធរ ប្រឆាំងអំពើពុករលួយ (I AACA) ដើម្បីពីភាក្សាគ្នារិះរកវីធីដោះស្រាយអំពើពុករលួយផងដែរ។
ជុំវិញរឿងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូនៅថ្ងៃទី ៤ ខែសីហា បានថ្លែងថា នេះជាចំណុចមួយនៃការចាប់ផ្តើមលើកិច្ចពិភាក្សា និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក ពីបណ្តាប្រទេសទាំងនោះ។យ៉ាងណា លោកយល់ថា អំពើពុករលួយ គឺជារឿងមួយដែលចាក់ឬសគល់ជ្រៅដែលទាមទារឱ្យកម្ពុជា និងបណ្តាប្រទេសទាំងក្នុងតំបន់ និងពិភពលោកពង្រឹងកិច្ចសហការគ្នាឱ្យបានល្អ។
បើតាមអង្គភាពប្រឆាំងអំពើពុករលួយកម្ពុជាបានសង្កត់ធ្ងន់ដែរថា ក្រៅពីមានកិច្ចពិភាក្សាលើដំណោះស្រាយប្រឆាំងអំពើពុករលួយហើយនោះ តាមរយៈសិក្ខាសាលានេះសិក្ខាកាមទាំងអស់ ក៏ទទួលបានចំណេះដឹង និងបទពិសោទធន៍ថ្មីៗ ស្តីពីការអនុវត្តជាសកលចុងក្រោយបង្អស់ក្នុងការងារប្រឆាំងអំពើពុករលួយ ដើម្បីបង្កើនចំណេះដឹង និងជំនាញក្នុងការទប់ស្កាត់អំពើពុករលួយ ប្រកបដោយប្រសិទ្ធភាពជា។ពិសេស លើកិច្ចសហប្រតិបត្តិការលើ ការបណ្ដុះបណ្ដាល និងកិច្ចសហការលើជំនួយផ្នែកច្បាប់ទៅវិញ ទៅមក លើការដោះស្រាយសំណុំរឿងប្រឆាំងអំពើពុករលួយទាំង សំណើផ្លូវការ និងក្រៅផ្លូវការថែមទៀត៕
ដោយ៖ បូរ ពេជ្រហ្សាលីន