ស៊ីម៉ាក់ នឹងទទួលបានជំនួយជាងពីរលានដុល្លារ ពីរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ក្នុងគម្រោងបោសម្អាតមីន

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) នឹងចុះហត្ថលេខាជាមួយអង្គការជំនួយរបស់ប្រជាជនន័រវែស(NPA)ដែលជាជំនួយរបស់រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ លើកិច្ចព្រមព្រៀងសហប្រតិបត្តិការគម្រោងបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ក្នុងទំហំទឹកប្រាក់ជាងពីរលានដុល្លារអាមេរិក។

សេចក្តីប្រកាសព័ត៌មានរ​បស់ស៊ីម៉ាក់បានឱ្យដឹងថា ពិធីចុះហត្ថលេខានោះនឹងធ្វើឡើងក្រោមអធិបតីភាពរវាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា និងលោក Rune Kristian Dale-Andresen ប្រធានអង្គការ NPA ប្រចាំប្រទេសកម្ពុជា។ ពិធីចុះហត្ថលេខានេះ នឹងប្រព្រឹត្តទៅនៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញនាសប្ដាហ៍ទី២ ក្នុងខែសីហា ឆ្នាំ២០២៣នេះ ។

សេចក្តីប្រកាសបានបញ្ជាក់ថា៖«គម្រោងនេះទទួលបានការគាំទ្រជាហិរញ្ញប្បទានឥតសំណងសរុបចំនួន២.១០០.០០០ ដុល្លារ ពីរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ សម្រាប់រយៈពេល១៦ខែ និងត្រូវបញ្ចប់នៅចុងខែសីហា ឆ្នាំ២០២៤»។

តាមរយៈគម្រោងនេះដែរ អង្គភាពស៊ីម៉ាក់ នឹងអនុវត្តកិច្ចប្រតិបត្តិការបោសសម្អាតផ្ទៃដីចម្ការមីនទំហំប្រមាណ ១៦០០ ហិកតា និងផ្សព្វផ្សាយអប់រំ យល់ដឹងពីគ្រោះថ្នាក់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាម ព្រមទាំងជួយជនរងគ្រោះដោយសារមីន សម្រាប់បណ្តាខេត្តទិសពាយ័ព្យរួមមាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។ គម្រោងនេះ ជាការរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន សំដៅសម្រេចឱ្យខានតែបានតាមគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាគ្មានមីនឆ្នាំ២០២៥។

ពាក់ព័ន្ធសកម្មភាពកម្ចាត់មីននេះដែរកាលពីថ្ងៃទី​១ខែសីហាកន្លងទៅនៅវិទ្យាស្ថានបច្ចេកទេសសកម្ម​ភាពកម្ចាត់មីន ខេត្តកំពង់ឆ្នាំង បានបើកវគ្គហ្វឹកហ្វឺនបច្ចេកទេស និងវិជ្ជាជីវ: ទៅលើ ឯកទេសប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជំនាន់ទី២ មានរយៈពេល ២៦ ថ្ងៃ (រៀនទាំងថ្ងៃសៅរ៌ និងអាទិត្យ) ។

វគ្គហ្វឹកហ្វឺននេះ ត្រូវចាប់ផ្តើមដំណើការពីថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី២៥ ខែសីហា  ដោយមានលោកគ្រូឧទ្ទេសចំនួន ១៥នាក់ មានសិក្ខាកាមសរុបចំនួន ៥៦នាក់ ក្នុងនោះមានស្ត្រីមានចំនួន១៤នាក់ និងសិក្ខាកាមបុរសមានចំនួន៤២នាក់ដែលសិក្ខាកាមទាំងអស់នោះត្រូវបានជ្រើសរើសមកពី មន្ត្រី និងបុគ្គលិក នៃមជ្ឈមណ្ឌលសកម្មភាពម្ចាត់មីនកម្ពុជា។ វគ្គហ្វឹកហ្វឺននេះមានគោលបំណងដើម្បីបង្កើនសមត្ថភាព ក៏ដូចជាតម្រូវការធនធានមនុស្សលើជំនាញបច្ចេកទេសបោសសម្អាតមីន និងកម្ចេចគ្រឿងផ្ទុះនៅតាមទីវាល៕ដោយ៖ សុខ រក្សា

ads banner