សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េ មានបំណងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
ភ្នំពេញ៖ សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េ មានគោលបំណងចុះមកសិក្សានិងពិនិត្យលទ្ធភាព ក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដែលអាចនឹងជួយបង្កើនតម្លៃបន្ថែមរបស់ចន្ទីក្នុងការនាំចេញទៅទីកាន់ទីផ្សារពិភពលោក។
គោលបំណងនេះត្រូវបានបង្ហើបនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយប្រតិភូវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទកូរ៉េ និងតំណាងសមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេសលើគម្រោងសិក្សាលទ្ធភាពក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី ៣ខែសីហា ឆ្នាំ ២០២៣។ ភាគីកូរ៉េដឹកនាំដោយលោក Heo Jang ប្រធានគម្រោង ចុះមកសិក្សាដើម្បីពិនិត្យនិងពិភាក្សាលើលទ្ធភាពក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពី អគ្គនាយករងជំរុញពាណិជ្ជកម្ម និង
មន្ត្រីជំនាញនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម។ នេះបើតាមក្រសួងពាណិជ្ជកម្ម។
ក្នុងជំនួបនោះឯកឧត្តម រាជ រ៉ា បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស (AOAA) ដែលមានបំណងក្នុងការចូលរួមលើកស្ទួយវិស័យស្វាយចន្ទីនៅកម្ពុជា។
ក្នុងឱកាសនោះ លោក Heo Jang បានជម្រាបអំពីបំណងក្នុងការចូលរួមលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជា ដោយពិនិត្យឃើញថាកន្លងមកស្វាយចន្ទីភាគច្រើនត្រូវបាននាំចេញទៅក្រៅប្រទេសដោយមិនទាន់បានកែច្នៃ ដែលនាំឱ្យបាត់បង់នូវតម្លៃបន្ថែម។ហេតុដូចនេះ សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេសរបស់កូរ៉េមានគោលបំណងក្នុងការចុះមកសិក្សានិងពិនិត្យលទ្ធភាព ក្នុងការបង្កើតរោងចក្រកែច្នៃចន្ទី តាមរយៈគម្រោងអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង(ODA) ដែលអាចនឹងជួយបង្កើនតម្លៃបន្ថែមលើចន្ទីកម្ពុជាក្នុងការនាំចេញទៅទីផ្សារពិភពលោក។
ជាកិច្ចឆ្លើយតប ឯកឧត្តម រាជ រ៉ា បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះដែលស្របតាមការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកូរ៉េ ដែលតែងតែផ្តល់ការគាំទ្រ និងសហការជិតស្និទ្ធក្នុងពេលកន្លងមក។
បន្ថែមពីលើនេះ លោកក៏បានស្នើសុំឱ្យប្រតិភូកូរ៉េ ជួយផ្សព្វផ្សាយនិងទាក់ទាញវិនិយោគិនកូរ៉េបន្ថែមមកវិនិយោគលើការកែច្នៃស្វាយចន្ទីក្នុងប្រទេសកម្ពុជា ក៏ដូចជាទិញទំនិញពីកម្ពុជាឱ្យបានកាន់តែច្រើនដោយសារប្រទេសទាំងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)រវាងគ្នា ដែលមានមុខទំនិញជាច្រើនមានអត្រាពន្ធ ០% ក្នុងនោះក៏មានគ្រាប់ស្វាយចន្ទីផងដែរ ដើម្បីបង្កើននូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
សូមជម្រាបថា គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ត្រូវបានអនុម័តដោយកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ និងប្រកាសផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ៕ដោយ៖ សុខ រក្សា