ចិនព្រមានជប៉ុនមិនឱ្យគាំទ្រការពង្រីកខ្លួនរបស់អង្គការណាតូ

ប៉េកាំង៖ ប្រេសិតពិសេសចិនបានគូសបញ្ជាក់ថា ជប៉ុន និងប្រទេសផ្សេងទៀតគួរតែរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រមួយចំនួន ហើយមិនត្រូវក្លាយជាអ្នកគាំទ្រដល់ការពង្រីកខ្លួនរបស់អង្គការណាតូចូលទៅក្នុងតំបន់នោះទេ។

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្ស៊ី លោក Zhang Hanhui នៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយសារព័ត៌មាន TASS បាននិយាយរំលឹកឡើងវិញនូវការព្រមានម្តងហើយម្តងទៀតរបស់ប្រទេសចិន អំពីគ្រោះថ្នាក់នៃការនាំយកប្លុកយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិក ទៅកាន់តំបន់ភាគខាងកើត និងអាស៊ីប៉ាស៊ីហ្វិក។

ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសរុស្ស៊ីរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា យើងសូមណែនាំជប៉ុន និងប្រទេសដទៃទៀត ឱ្យរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រឱ្យបានពេញលេញ ហើយមិនគួរយកគោលគោលជំហររបស់ប្រទេសដទៃមកពិចារណា ដែលនាំឱ្យខូចសន្តិភាព និងស្ថិរភាពក្នុងតំបន់ឡើយ។ លោក Zhang បានលើកឧទាហរណ៍ថា ការអនុញ្ញាតឱ្យណាតូពង្រីកខ្លួន គឺប្រៀបដូចជាលែងចចកឱ្យចូលក្រោលចៀម ហើយចចកនឹងខាំស៊ីចៀមគ្រប់ក្បាល។

សូមរម្លឹកថា កាលពីខែកក្កដា ប្រទេសចិនបានសន្យាថា នឹងការពារអធិបតេយ្យភាពរបស់ខ្លួន ហើយប្រឆាំងនឹងការពង្រីកខ្លួនឆ្ពោះទៅទិសខាងកើតរបស់អង្គការណាតូទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយព្រមានថា រាល់សកម្មភាពដែលបំផ្លាញសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ចិន នឹងត្រូវបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់៕

ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner