កម្មវិធីផ្លាស់ប្តូរយុវជនអាស៊ីប៉ាស៊ីហ្វិក រៀបចំឡើងនៅកម្ពុជាលើកដំបូង
ភ្នំពេញ៖ ស្ថាប័នពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ បានសហការគ្នានាំយកកម្មវិធីផ្លាស់ប្តូរយុវជនអាស៊ីប៉ាស៊ីហ្វិកដែលហៅកាត់ថា APYE ជាលើកដំបូងមកកាន់ប្រទេសកម្ពុជា។បណ្តាភាគីពាក់ព័ន្ធបានបង្ហាញការជឿជាក់ថា តាមរយៈកម្មវិធីនេះនឹងរួមចំណែកជួយកសាងសក្ដានុពលរបស់យុវជនក្នុងតំបន់ឱ្យកាន់តែមានគុណភាពថែមទៀត។
សេចក្តីប្រកាសព័ត៌មានរបស់កម្មវិធីផ្លាស់ប្តូរយុវជនអាស៊ីប៉ាស៊ីហ្វិកដែលហៅកាត់ថា APYE ចេញផ្សាយកាលពីថ្ងៃទី២ ខែសីហា បានឱ្យដឹងថា កម្មវិធីនេះនឹងរៀបចំឡើងលើកដំបូងនៅកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៣ ខែសីហា។កម្មវិធីនេះ គឺជាកិច្ចផ្តួចផ្តើមដោយ The Urban Youth Academy ពីសាធារណរដ្ឋកូរ៉េ ដោយបានរួមសហការជាមួយនឹង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ,សាកលវិទ្យាល័យ Hanyang ,មូលនិធិសាកលវិទ្យាល័យ Hanyang LINC ,មជ្ឈមណ្ឌលប្រើប្រាស់ទឹកប្រកបដោយចីរភាព និងអង្គការដៃគូផ្សេងទៀត។
សេចក្តីប្រកាសដដែល បានបញ្ជាក់ថា កម្មវិធីនេះ គឺបានធ្វើឡើងក្រោមប្រធានបទ “ឆ្ពោះទៅរកអនាគត ប្រកបដោយចិរភាព៖ យុវជនជាដៃគូ ក្នុងការស្ដារឡើងវិញ ពីវិបត្តិនៃជំងឺកូវីដ១៩” ខណៈកម្មវិធីអន្តរជាតិនេះដែរ គឺបានបង្កើតឡើងក្នុងគោលបំណង កសាងសក្ដានុពលរបស់យុវជននៅក្នុងតំបន់។
ប្រភពដដែលបានបញ្ជាក់ថា៖« កន្លងមកកម្មវិធី APYE បានរៀបចំឡើង និងទទួលបានភាពជោគជ័យនៅក្នុងប្រទេសផ្សេងៗ ដូចជាហ្វីលីពីន កូរ៉េខាងត្បូង ថៃ វៀតណាម និងឥណ្ឌា ដោយសង្កត់ធ្ងន់លើការផ្តល់ វេទិកាសម្រាប់យុវជន ឬអ្នកដឹកនាំវ័យក្មេង ក្នុងការចូលរួមសកម្មភាព ដើម្បីជំរុញការអនុវត្ត គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ មួយវិញទៀត តាមរយៈការចូលរួម យុវជន មានឱកាសបញ្ចេញគំនិតរបស់ពួកគេ ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងសង្គម ដែលជាទុន សម្រាប់ពួកគេក្នុងការអភិវឌ្ឍជំនាញ និងចំណេះដឹងក្នុងការគ្រប់គ្រងគម្រោងរបស់ខ្លួនជាដើម»។
តាមរយៈកម្មវិធីនេះ ស្ថាប័នពាក់ព័ន្ធ បានចាត់ទុកថា ព្រឹត្តិការណ៍ដ៏អស្ចារ្យដែលប្រព្រឹត្តទៅក្នុងប្រទេសកម្ពុជានានេះ គឺត្រូវបានចូលរួមដោយយុវជនដែលមកពីប្រទេសផ្សេងៗ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ កម្មវិធីទាំងមូល នឹងផ្ដោតទៅលើបីចំណុចសំខាន់ៗ រួមមាន ការបណ្តុះបណ្តាលនៃការអភិវឌ្ឍភាពជាអ្នកដឹកនាំ ការចុះកម្មសិក្សានៅក្នុងសហគ្រាសដៃគូ និងសិក្ខាសាលាយុវជន ដែលយុវជននឹងទទួលបាននូវឱកាសពិសេស ក្នុងការពង្រីកទស្សនវិស័យរបស់ពួកគេ និងឱកាសអភិវឌ្ឍខ្លួនឱ្យទទួលបាននូវ ជំនាញចាំបាច់ដើម្បីដឹកនាំការផ្លាស់ប្ដូរ។
ពាក់ព័ន្ធកម្មវិធីនេះដែរ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោក គិន ភា បានលើកឡើងថា ក្នុងបរិបទសម័យបច្ចេកវិទ្យាឧស្សាហកម្មដូចនេះ ការអភិវឌ្ឍសមត្ថភាពយុវជន ក៏ដូចជាសិស្សនិស្សិតចាំបាច់ត្រូវមានដើម្បីរួមចំណែកពេញលេញលើការអភិវឌ្ឍសេដ្ឋកិច្ច។
លោកបានបញ្ជាក់ថា ការជំរុញឱ្យមានការជួយគ្នា និងការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹងគ្នា តាមរយៈកម្មវិធីនានាពិសេសនៅក្នុងកម្រិតថ្នាក់តំបន់រវាងយុវជនកម្ពុជា និងបណ្តាប្រទេសរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា គឺមានសារៈសំខារវន់ណាស់ ពីព្រោះយើងមិនអាចរីកចម្រើន និងអភិវឌ្ឍបានទេបើការចូលរួម និងការជួយគ្នានៅមានកម្រិត និងគម្លាតគ្នា។ ដូច្នេះការជួយគ្នាពីយុវជនមកពីបណ្តាប្រទេសដែលមានការរីកចម្រើនខ្លាំង មកជួយដល់ប្រទេសដែលមិនទាន់មានការរីកចម្រើនខ្លាំង គឺជារឿងចាំបាច់ដើម្បីជំរុញឱ្យយុវជនកម្ពុជា ពិសេសតំបន់អាស៊ានកាន់តែមានសក្តានុពល និងជួយពង្រីកទស្សនវិស័យរបស់យុវជនកាន់តែទូលាយ ក្នុងកិច្ចការចូលរួមអភិវឌ្ឍន៍ប្រទេសថែមទៀត។
បើតាមសេចក្តីប្រកាសខាងលើ តាមរយៈកម្មវិធីផ្លាស់ប្តូរយុវជនអាស៊ីប៉ាស៊ីហ្វិកនេះ ក៏នឹងមានព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយទៀត គឺការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពី “កិច្ចសហប្រតិបត្តិការឧស្សាហកម្ម-សិក្សា”។ កិច្ចព្រមព្រៀងនេះ មានគោលបំណងបង្កើតភាពជាដៃគូដ៏មានអត្ថន័យ និងយ៉ាងរឹងមាំរវាងសហគ្រាសខ្មែរ និងមូលនិធិសាកលវិទ្យាល័យ Hanyang (Hanyang UniversityLINC Foundation) តាមរយៈការសហការយ៉ាងជិតស្និទ្ធ ដើម្បីបង្កើតវគ្គបណ្តុះបណ្តាលផ្នែកឧស្សាហកម្ម ដោយផ្អែកលើគម្រោងជាប្រចាំ ដើម្បីដោះស្រាយបញ្ហាប្រឈម និងតម្រូវការជាក់លាក់នៅក្នុងវិស័យឧស្សាហកម្មជាដើម៕ ដោយ៖ បូរ ពេជ្រហ្សាលីន