នៅថ្ងៃទី៥ សីហា ស្អែកនេះ៖ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត ការកំណត់បែងចែកអាសនៈ និងប្រកាសបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ស្អែកនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងការប្រកាសអំពីការកំណត់បែងចែកអាសនៈសម្រាប់គណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការប្រកាសបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

អគ្គលេខាធិការរង គ.ជ.ប ឯកឧត្តម សោម សូរីដា បានមានប្រសាសន៍ប្រាប់ AMS នៅព្រឹកថ្ងៃទី៤ ខែសីហានេះថា បើគិតពីរយៈពេលបន្ទាប់ពី គ.ជ.ប ប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៧ព្រឹក រហូតមកដល់ម៉ោង៧ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ គឺមានរយៈពេល ៧២ម៉ោងហើយ។ ក្នុងរយៈពេល៧២ម៉ោងនេះ ទាំងក្រុមប្រឹក្សាធម្មនុញ្ញ និងគ.ជ.ប អត់មានការប្តឹងតវ៉ាទៅនឹងលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ទេ។ ដូច្នេះ គ.ជ.ប ននឹងធ្វើការប្រកាសលទ្ធផលផ្លូវការ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ៩ព្រឹកទៅ គឺ គ.ជ.ប នឹងប្រកាសប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ការប្រកាសអំពីការកំណត់បែងចែកអាសនៈសម្រាប់គណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងការប្រកាសបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

អគ្គលេខាធិការរង គ.ជ.ប បានបន្តទៀតថា បន្ទាប់ពី គ.ជ.ប ប្រកាសលទ្ធផលទាំងបីខាងលើរួច គ.ជ.ប នឹងធ្វើរបាយការណ៍ថ្វាយព្រះមហាក្សត្រ ព្រឹទ្ធសភា អគ្គលេខាធិកាដ្ឋានព្រឹទ្ធសភា រដ្ឋសភា ទីស្តីការគណៈរដ្ឋមន្ត្រី នឹងទៅគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត។

បើតាមផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលប់ ពោលគឺ ៦,៣៩៨,៣១១ សំឡេង។ សូមជម្រាបថា នៅថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ គ.ជ.ប នឹងធ្វើសន្និបាតបូកសរុបលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅខេត្តបាត់ដំបង៕
ដោយ៖ពលជ័យ

ads banner