កងទ័ពជើងទឹកអាមេរិកពីរនាក់ ត្រូវបានចាប់ខ្លួនពីបទចែករំលែកព័ត៌មានសម្ងាត់អាមេរិកទៅកាន់ចិន
អាមេរិក៖ កាលពីថ្ងៃទី៣ ខែសីហា ក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថា កងទ័ពជើងទឹកអាមេរិកពីរនាក់ត្រូវបានចាប់ខ្លួន ដោយចោទប្រកាន់ពីបទប្រគល់សម្ភារសន្តិសុខជាតិទៅកាន់ប្រទេសចិន។
ប្រភពក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថា មន្ត្រីជាន់ទាបម្នាក់ឈ្មោះថា វឺនហេង ចាវ (Wenheng Zhao) អាយុ ២៦ ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទសមគំនិត និងស៊ីសំណូក ពាក់ព័ន្ធនឹងការទទួលយកប្រាក់ជិត ១៥.០០០ ដុល្លារជាថ្នូរនឹងរូបថត និងវីដេអូនៃព័ត៌មានរសើបៗរបស់យោធាសហរដ្ឋអាមេរិក។ ដោយឡែក កងទ័ពជើងទឹកអាមេរិកម្នាក់ទៀតឈ្មោះថា ជីនឆាវ វៃ (Jinchao Wei) ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការបញ្ជូនព័ត៌មានការពារជាតិទៅកាន់ប្រទេសចិន ជាថ្នូរនឹងប្រាក់រាប់ពាន់ដុល្លារ។
ជំនួយការអគ្គមេធាវី លោក ម៉ាត អូលសិន (Matt Olsen) បានប្រាប់ទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងសាន់ឌីអាកូ (San Diego)ថា«ដោយសារតែការប្រព្រឹត្តរបស់បុរសទាំងពីរនាក់នេះព័ត៌មានយោធាដ៏រសើបបានធ្លាក់ចូលទៅក្នុងដៃរបស់សាធារណរដ្ឋប្រជាមានិតចិន»។
គួរបញ្ជាក់ថា លោក ចាវ ត្រូវបានចោទប្រកាន់ពីបទចែករំលែកព័ត៌មានរសើបអំពីសមយុទ្ធយោធារបស់សហរដ្ឋអាមេរិក ដ្យាក្រាមអគ្គិសនី និងប្លង់មេសម្រាប់ប្រព័ន្ធរ៉ាដានៅអូគីណាវ៉ា ប្រទេសជប៉ុន ក៏ដូចជាព័ត៌មានលំអិតអំពីសុវត្ថិភាពសម្រាប់មូលដ្ឋានទ័ពជើងទឹកសហរដ្ឋអាមេរិកនៅក្នុងស្រុកវ៉េនឆ័រ (Ventura) និងកោះសានខ្លេម៉ិន (San Clemente) ក្បែរទីក្រុងឡូសអេនជឺលេស (Los Angeles)។
សម្រាប់លោក វៃ ត្រូវបានគេចោទប្រកាន់ពីបទបង្ហាញព័ត៌មានអំពីនាវាអាមេរិកប្រភេទ USS Essex ដែលជាកប៉ាល់វាយលុកពេលសង្គ្រាម ពោលគឺជាកន្លែងដែលលោកបម្រើការងារ ក៏ដូចជានាវាចម្បាំងអាមេរិកផ្សេងទៀត រួមទាំងសៀវភៅណែនាំបច្ចេកទេសរាប់សិបក្បាល ដែលមានបញ្ជាក់នូវអាវុធ រចនាសម្ព័ន្ធថាមពល និងប្រតិបត្តិការរបស់នាវាប្រភេទ Essex នេះ។
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមមន្ត្រីសហរដ្ឋអាមេរិកនៅក្នុងសន្និសីទកាសែតមួយ បានថ្កោលទោសយុទ្ធនាការចារកម្មរបស់ប្រទេសចិន។ ជាក់ស្ដែង ទីភ្នាក់ងារពិសេស (FBI) លោក ស្តែកស៊ី ម៉ូយ (Stacey Moy) បាននិយាយថា «ប្រទេសចិនបាននិងកំពុងបង្កការគំរាមកំហែងរយៈពេលវែងចំពោះសហរដ្ឋអាមេរិក។ ទីក្រុងប៉េកាំងបានប្តេជ្ញាចិត្តចង់ក្លាយទៅជាមហាអំណាចពិភពលោក និងសុខចិត្តធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីវាយប្រហារសហរដ្ឋអាមេរិក»។
រហូតមកទល់ពេលនេះ ស្ថានទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោនមិនទាន់មានការឆ្លើយតបជុំវិញការចោទប្រកាន់របស់សហរដ្ឋអាមេរិកនៅឡើយទេ។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនមានភាពតានតឹងខ្លាំង ជាពិសេសបញ្ហាសន្តិសុខជាតិ និងពាណិជ្ជកម្មជាដើម។ សហរដ្ឋអាមេរិកបានចោទចិនពីបទចារកម្ម និងការវាយប្រហារតាមអ៊ីនធឺណិត ប៉ុន្តែទីក្រុងប៉េកាំងបានច្រានចោល។ ចិនក៏បានប្រកាសថា ខ្លួនក៏កំពុងស្ថិតនៅក្រោមការគំរាមកំហែងពីអ្នកស៊ើបការណ៍អាមេរិកផងដែរ៕
ប្រែសម្រួលដោយ៖ ធា សុណា
ប្រភពព័ត៌មាន៖ Reuters Two US Navy sailors arrested on charges of sharing secrets with China