កូរ៉េខាងជើង ថ្កោលទោសជំនួយសព្វាវុធរបស់អាមេរិកទៅកាន់តៃវ៉ាន់
ព្យុងយ៉ាង៖ នៅថ្ងៃទី៤ ខែសីហា ប្រទេសកូរ៉េខាងជើងបានរិះគន់សហរដ្ឋអាមេរិក ជុំវិញការផ្ដល់កញ្ចប់ជំនួយសព្វាវុធទៅកាន់កោះតៃវ៉ាន់ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បាននិងកំពុងជំរុញភាពតានតឹងនៅក្នុងតំបន់ទៅរកចំណុចមួយដែលអាចបង្កឱ្យមានសង្គ្រាមកើតឡើង។
គួរដឹងដែរថា កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានដាក់ចេញនូវកញ្ចប់ជំនួយយោធារបស់ខ្លួនសម្រាប់កោះតៃវ៉ាន់ ដែលមានតម្លៃរហូតដល់ ៣៤៥ លានដុល្លារ ខណៈដែលសភាអាមេរិកបានអនុម័តរហូតដល់ទៅ មួយប៊ីលានដុល្លារដើម្បីជួយដល់កោះនេះ ពោលគឺជាផ្នែកមួយនៃថវិកាឆ្នាំ២០២៣។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA លោក ម៉ែង យ៉ូងរីម (Maeng Yong Rim) អគ្គនាយកនៃនាយកដ្ឋានកិច្ចការចិនរបស់ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា «ផែនការនេះគឺជាការបង្កហេតុខាងនយោបាយ និងយោធាដ៏គ្រោះថ្នាក់ និងជាការរំលោភទៅលើគោលការណ៍ចិនតែមួយ»។
សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងបានសង្កត់ធ្ងន់ថា «វាគឺជាចេតនាដ៏អាក្រក់របស់សហរដ្ឋអាមេរិក ក្នុងការប្រែក្លាយតៃវ៉ាន់ទៅជាមូលដ្ឋានប្រឆាំងនឹងប្រទេសចិន និងជាលេណដ្ឋានខ្សែទីមួយសម្រាប់ការអនុវត្តយុទ្ធសាស្ត្ររបស់ខ្លួនដើម្បីរារាំងប្រទេសចិន»។
ទន្ទឹមនេះដែរ ទីក្រុងប៉េកាំងតែងតែបានទាមទារកោះដែលមានរបបគ្រប់គ្រងតាមបែបប្រជាធិបតេយ្យមួយនេះថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានព្រមានម្តងហើយម្តងទៀត ទៅលើការចង់ផ្លាស់ប្តូរស្ថានភាពផ្លូវការណាមួយ រវាងទីក្រុងវ៉ាស៊ីនតោន និងតៃប៉ិ។ ដោយឡែក តៃវ៉ាន់បានច្រានចោលការទាមទារអធិបតេយ្យភាពរបស់ចិន ហើយបានអះអាងថា មានតែប្រជាជនតៃវ៉ាន់នោះទេ ដែលអាចសម្រេចជោគវាសនាអនាគតនៃទឹកដីរបស់ពួកគេបាន។
ចិនក៏ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅកាន់សហរដ្ឋអាមេរិកស្រដៀងគ្នាដែរថា «តំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងឧបទ្វីបកូរ៉េ និងច្រកសមុទ្រតៃវ៉ាន់ មិនមែនជារោងមហោស្រពនៃសកម្មភាពយោធារបស់សហរដ្ឋអាមេរិក ឬជាកន្លែងសាកល្បងធ្វើសង្គ្រាមនោះទេ» ហើយបានព្រមានថា សហរដ្ឋអាមេរិកនឹងត្រូវបង់ខាតច្រើនចំពោះការលូកដៃចូលផលប្រយោជន៍ស្នូលរបស់ចិន។
កាលពីសប្តាហ៍មុន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានជួបជាមួយគណៈប្រតិភូចិននៅទីក្រុងព្យុងយ៉ាង ហើយបានប្តេជ្ញាថានឹងអភិវឌ្ឍន៍ទំនាក់ទំនងរបស់ប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ មុនពេលកិច្ចប្រជុំ ពួកគេបានពិនិត្យឡើងវិញនូវគ្រាប់មីស៊ីលដែលមានសមត្ថភាពបំពាក់នុយក្លេអ៊ែរថ្មីបំផុតរបស់លោក គីម និងបានបង្ហាញយន្តហោះគ្មានមនុស្សបើកនៅឯព្យុហយាត្រាយោធាមួយដ៏ធំផងដែរ។
យោងតាមក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថា យោធាចិនបាននិងកំពុងពង្រីកវិសាលភាព និងឥទ្ធិពលជុំវិញកោះនេះ ដោយថ្មីៗនេះ ចិនបានបញ្ជូនយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និងប្រភេទយន្តហោះជាច្រើនគ្រឿងទៀត រួមទាំងយន្តហោះគ្មានមនុស្សបើក ទៅកាន់ភាគខាងត្បូងនៃកោះតៃវ៉ាន់ទៀតផង៕
ប្រែសម្រួលដោយ៖ ធា សុណា
ប្រភពព័ត៌មាន៖ Channel NewsAsia North Korea denounces US arms aid to Taiwan as ‘dangerous’ provocation