រុស្ស៊ីដាក់បញ្ចូលប្រជាជនជាង ២៣ម៉ឺននាក់ទៅក្នុងជួរកងទ័ពនៅឆ្នាំ២០២៣
មូស្គូ៖ ប្រទេសរុស្ស៊ីបានធ្វើយុទ្ធនាការជ្រើសរើសយោធាទ្រង់ទ្រាយធំនៅក្នុងឆ្នាំ២០២៣នេះ ខណៈដែលខ្លួនព្យាយាមទប់ទល់នឹងការវាយលុករបស់អ៊ុយក្រែនដែលកំពុងបន្ត និងការពារទឹកដីដែលខ្លួនបានកាន់កាប់ក្នុងអំឡុងពេលជម្លោះ។
អនុប្រធានក្រុមប្រឹក្សាសន្តិសុខទីក្រុងមូស្គូ លោក ឌីមីទ្រី ម៉េដវ៉េដេវ បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រទេសរុស្ស៊ីបានដាក់បញ្ចូលបុគ្គលិកបន្ថែមជាង ២៣០,០០០នាក់ ទៅក្នុងជួរកងទ័ពចាប់តាំងពីដើមឆ្នាំនេះ។
លោក ម៉េដវ៉េដេវ ដែលបានបម្រើការជាប្រធានាធិបតីរុស្ស៊ីចាប់ពីឆ្នាំ ២០០៨ ដល់២០១២ បាននិយាយយ៉ាងដូច្នេះថា យោងតាមក្រសួងការពារជាតិរុស្ស៊ី ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី០៣ ខែសីហា មនុស្សសរុបជាង ២៣១,០០០នាក់បានសម្រេចចិត្តចូលបម្រើការក្នុងជួរកងទ័ព។ទោះបីជាយ៉ាងណា អាជ្ញាធររុស្ស៊ីមិនបានបង្ហាញពីគោលដៅរបស់ខ្លួនទេ ប៉ុន្តែយោងតាមការប៉ាន់ស្មានផ្សេងៗបានអះអាងថា រុស្ស៊ីអាចនឹងព្យាយាមជ្រើសរើសអ្នកស្ម័គ្រចិត្តរហូតដល់ ៤០០.០០០នាក់។
កាលពីខែកញ្ញាឆ្នាំមុន ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការចល័តយោធា ដែលនេះជាលើកដំបូងចាប់តាំងពីសង្គ្រាមលោកលើកទី២ ដោយបានបញ្ជូនរលកដ៏រន្ធត់នៅទូទាំងប្រទេស ខណៈដែលមនុស្សប្រុសរាប់ពាន់នាក់ត្រូវបានអំពាវនាវឱ្យចូលបម្រើក្នុងជួរកងទ័ព។ ដោយឡែករដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គេ ស៊យហ្គូ បាននិយាយកាលពីឆ្នាំមុនថា ទំហំកងទ័ពរបស់រុស្ស៊ីនឹងកើនឡើងដល់ ១,៥លាននាក់ ខណៈដែលទីក្រុងមូស្គូកំពុងជំរុញការវាយលុករបស់ខ្លួននៅអ៊ុយក្រែន៕
ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា