គណបក្សភឿថៃ ខកចិត្តក្រោយតុលាការពន្យារពេលបោះឆ្នោតជ្រើសរើសនាយកដ្ឋមន្រ្តីជាថ្មី
ថៃ៖ ការពន្យាពេលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីម្តងហើយម្តងទៀតបានធ្វើឱ្យថៃ កាន់តែកប់ជ្រៅក្នុងភាពមិនប្រាកដប្រជាផ្នែកនយោបាយនិងធ្វើឱ្យរដ្ឋាភិបាលចម្រុះថ្មីដែលគ្រោងនឹងបង្កើតឡើងដោយគណបក្សភឿថៃ ស្ថិតក្នុងភាពមិនប្រាកដប្រជាដូចគ្នា។
តាមការគ្រោងទុក ការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីត្រូវធ្វើឡើងនៅថ្ងៃសុក្រទី៤សីហា នេះ ក៏ប៉ុន្តែត្រូវបានលុបចោលវិញភ្លាមៗដោយប្រធានសភា លោក មូហាម៉ាត់ ណរ ម៉ៈថា គឺដោយសារតែរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញថៃ ជុំវិញពាក្យបណ្តឹង របស់អ្នកគាំទ្រគណបក្សឆ្ពោះទៅមុខ (MFP) ដែលចង់ឱ្យតុលាការធម្មនុញ្ញវិនិច្ឆ័យ ក្នុងរឿងដែលសភាថៃបោះឆ្នោត ប្រឆាំងបេក្ខភាពនាយករដ្ឋមន្រ្តីថៃរបស់លោកភិថា កាលពីថ្ងៃទី ១៩ខែកក្កដា។
បើយោងតាមកាសែតបាងកកប៉ុស្តិ៍ ប្រភពមួយនៅតុលាការធម្មនុញ្ញ បានឱ្យដឹងថា មូលហេតុដែលតុលាការ ពន្យារពេលការសម្រេចរបស់ខ្លួន គឺដោយសារតែពាក្យបណ្តឹងនេះខ្វះព័ត៌មានសំខាន់ៗដែលជាមូលដ្ឋានសម្រាប់ការពិចារណារបស់ខ្លួន។
ការលើកពេលការបោះឆ្នោតនេះដែរ បានបង្ខំឱ្យគណបក្សភឿថៃលុបចោលគម្រោង បង្ហាញផែនការលម្អិតរួមរបស់ខ្លួន ជាមួយក្រុមរដ្ឋាភិបាលចម្រុះដែលខ្លួនដឹកនាំបង្កើត។ ហើយភាពមិនប្រាកដប្រជានេះ ក៏បង្ខំឱ្យអតីតនាយករដ្ឋមន្ត្រីភាសខ្លួនលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា លុបចោលគម្រោងមាតុភូមិនិវត្តន៍របស់ខ្លួនដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១០ ខែសីហា ផងដែរ។
ការវិវត្តន៍ចុងក្រោយបង្អស់នៃវិបត្តិនយោបាយថៃនេះបានធ្វើឱ្យ ក្នុងចំណោមអ្នកវិភាគនយោបាយ និងសាធារណជន មានការងឿងឆ្ងល់ ថាតើគណបក្សភឿថៃ អាចនឹងបង្កើតរដ្ឋាភិបាលថ្មីដោយជោគជ័យឬក៏យ៉ាងណា។
លោក Wanwichit Boonprong សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Rangsit បាននិយាយថា ការពន្យារពេលបោះឆ្នោតនឹងជះឥទ្ធិពលអាក្រក់ដល់ភឿថៃ និងលោក ស្រេតថា ដែលជាបេក្ខជននាយករដ្ឋមន្ត្រីថ្មី។ ខណៈមជ្ឈដ្ឋានខ្លះ ជឿថា កាលៈទេសៈនេះក៏អាចនាំឱ្យមានបេក្ខជននាយករដ្ឋមន្ត្រីថ្មីមកពីគណៈបក្សផ្សេងបន្តបន្ទាប់ទៀត ជំនួស លោក ស្រេថា ថាវីស៊ីន ដែលជាបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃ។
ក្រោយការលើកពេលបោះឆ្នោតរបស់សភា អនុប្រធានគណបក្សភឿថៃ លោក Phumtham Wechayachai បាននិយាយថា គណបក្សក៏នឹងពន្យារពេលប្រកាសបង្កើតរដ្ឋាភិបាលថ្មីផងដែរ៕
ដោយៈ ស្រ៊ុន សិរីវឌ្ឍនៈ
ប្រភព៖ https://www.bangkokpost.com/thailand/politics/2623073/pheu-thai-suffers-pm-vote-delay