រាជរដ្ឋាភិបាល សម្រេចបង្កើតតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត «នគរភ្នំឈើកាច់បាភ្នំ​»ជាផ្លូវការ

អត្ថបទដោយ៖
CPA

ភ្នំពេញ ៖រាជរដ្ឋាភិបាលនៃព្រះជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យសម្រេចបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត «នគរភ្នំឈើកាច់បាភ្នំ​» ដែលមានផ្ទៃដីទំហំជាង១២៥ ហិកតា​ ស្ថិតក្នុង​ភូមិសាស្រ្ត​ឃុំជើងភ្នំ ឃុំឈើកាច់ និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។

យោងតាមអនុក្រឹត្យ ដែលចុះហត្ថលេខា ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣បានសម្រេចថា គោលបំណងនៃការបង្កើតតំបន់បេភិភណ្ឌទាំងនេះ គឺដើម្បីការពារថែរក្សានគរូបនីយកម្ម និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌធម្មជាតិ និងទីតាំងប្រវត្តិសាស្ត្រអតីតសម័យហ្វូណន“នគរភ្នំ“ ដែលជាទឹកដីដំបូងបង្អស់នៃព្រះរាជាណាចក្រកម្ពុជា។

អនុក្រឹត្យបន្តថា ក្រៅពីនេះ ការបង្កើតតំបន់បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត ក្នុងបំណងការពារតួនាទីប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់, ការពារនិងអភិរក្សធនធានជីវៈចម្រុះ ធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ និងមុខងារនៃតំបន់នេះ។ ការពារសោភណភាព ទេសភាពធម្មជាតិ ទេសភាពវប្បធម៌ និងការពារទីសក្ការៈបូជាសម្រាប់បម្រើដល់ជំនឿ ការកម្សាន្ត ការទស្សនា ការអប់រំ និងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រនិងប្រវត្តិសាស្ត្រ ដែលគ្រប់សកម្មភាពទាំងនេះពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធនធានធម្មជាតិ បេតិកភណ្ឌវប្បធម៌ ពិសេសដើម្បីលើកកម្ពស់ការចូលរួមថែរក្សា ការពារពីសាធារណជនឱ្យបានគង់វង្ស។

អនុក្រឹត្យដដែល បានបញ្ជាក់បន្តថា នគរភ្នំឈើកាច់បាភ្នំ ដែលមានផ្ទៃដីទំហំសរុប១២៥,២៧៧៥ ហិកតានឹងត្រូវបង្កើតតំបន់បេភិភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត «នគរភ្នំឈើកាច់បាភ្នំ​» ដែលមានចំនួន៩ទីតាំង។  រួមមាន ភ្នំបាភ្នំ ទំហំ ១០១,៤១១៩ហិកតា, ប្រាសាទអង្គច័ន្ទ ទំហំ០,៦៣៨៥ហិកតា, វត្តវិហារគុហ៍ ទំហំ១,៣៦៤២ហិកតា, វត្តវិហារធំ ទំហំ៣,១៤៥១ហិកតា, ស្រះបិទបាយ ទំហំ៨,០៦០៧ហិកតា, អ្នកតាមេសរ ទំហំ០,៧៨១២ហិកតា, ស្រះស្រង់ ទំហំ១,៥៨១៦ហិកតា, ភ្នំវត្តកំពូលភ្នំឈើកាច់ ទំហំ២,៥២៦៤ហិកតា និងមណ្ឌលមុនីស្ថានតាបសភ្នំតូច ទំហំ៥,៧៦៧៩ហិកតា។

ក្នុងអនុក្រឹត្យនេះ បានសម្រេចឱ្យក្រសួងបរិស្ថាន និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានសមត្ថកិច្ចរៀបចំនិងគ្រប់គ្រងតំបន់បេតិកភណ្ឌ ធម្មជាតិ និងកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ នគរភ្នំឈើកាច់បាភ្នំ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តព្រៃវែង និងសហគមន៍មូលដ្ឋាន ដើម្បីធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្ស ជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងកិច្ចការពារបេតិកភណ្ឌវប្បធម៌ឱ្យបាន គង់វង្ស ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានសម្រេចឱ្យរដ្ឋបាលខេត្តព្រៃវែង បង្កើតក្រុមការងារអចិន្ត្រៃយ៍ ដោយមានការចូលរួមពីមន្ទីរ អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដែលមានមន្ទីរបរិស្ថាននិងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ជាលេខាធិការដ្ឋាន។ ក្រុមការងារអចិន្ត្រៃយ៍នេះ ត្រូវមានតួនាទីដឹកនាំ ថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍតំបន់នេះឱ្យស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ហើយរដ្ឋបាលខេត្តក៏ត្រូវរៀបចំគម្រោងថវិកាសម្រាប់ដំណើរការរបស់ក្រុមការងារអចិន្ត្រៃយ៍ក្នុងកញ្ចប់ថវិការបស់រដ្ឋបាលខេត្តផងដែរ។

តាមរយៈអនុក្រឹត្យខាងលើ រាជរដ្ឋាភិបាល ក៏បានស្នើឱ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច រដ្ឋមន្ត្រីក្រសួងវប្បធម៌ រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃ ចុះហត្ថលេខាតទៅ៕

ដោយ៖ បូរ ពេជ្យហ្សាលីន

ads banner