គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គាំទ្រទាំងស្រុងនូវលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានប្រកាសធ្វើការគាំទ្រទាំងស្រុងនូវលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលប្រកាសជាផ្លូវការ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ គណបក្សនយោបាយដែលទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋច្រើនជាងគេទូទាំង ប្រទេសមានចំនួន២គណបក្ស គឺគណបក្សប្រជាជនកម្ពុជា បានចំនួន១២០អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន០៥អាសនៈ។

ក្នុងនាមគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ជាគណបក្សនយោបាយអាស្រ័យរដ្ឋធម្មនុញ្ញ ហើយក៏ជាគណបក្ស ដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ គណបក្សគោរពតាមបំណង ការសម្រេចរបស់រាស្ត្រ ដោយទទួលស្គាល់ និងសូមធ្វើការគាំទ្រនូវលទ្ធផលផ្លូវការមួយនេះជាប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍ របស់សង្គម ជាតិ ជារៀងរហូតទៅ។

ក្នុងឱកាសនេះផងដែរ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏សូមគោរពជូនពរដល់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដោយអស់រយៈជាច្រើនខែ បានខិតខំព្យាយាមចំណាយកម្លាំងកាយចិត្តបំពេញ កាតព្វកិច្ច ដើម្បីសម្រួលនិងជួយជម្រុញដល់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ រហូតទទួល បានលទ្ធផលជាផ្លូវការនាពេលនេះ សូមថ្នាក់ដឹកនាំទាំងអស់ទទួលបាននូវពុទ្ធពរ ទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ads banner