សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិលអបអរសាទរ នៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ភ្នំពេញ៖ សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល សូមចូលរួមអបអរសាទរ នៃជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងឱកាសបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋស្រលាញ់ពេញចិត្ត ជឿទុកចិត្ត និងបន្តផ្តល់ការគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសឆ្ពោះទៅរកមាគ៌ាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេស ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល បានមើលឃើញពីការគាំទ្រយ៉ាងផុសផុលនេះ គឺគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងដើម្បីប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិឱ្យរួចផុតពីការឈ្លានពាន ការត្រួតត ជិះជាន់ និងការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

សម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានមើលឃើញថា ចំពោះសមិទ្ធផលគណបក្សប្រជាជនកម្ពុជា ដែលទទួលបានរយៈពេលជាង៤៤ឆ្នាំកន្លងមកនេះ ក្រោយពីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិឆ្លង កាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ ហើយសម្រេចបានសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឱ្យប្រជាជាតិរស់ឡើងវិញ រហូតទទួលបានសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដី និងកំពុងបន្តឈានទៅអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយភាពជឿជាក់របស់ប្រជាពលរដ្ឋ លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រទេសរីកចម្រើនឥតឈប់ឈរ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទក្នុងនាមជាប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិល សូមគោរពជូនពរជ័យ សេរីមង្គលគ្រប់ប្រការ ជូនសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី ចៅប្រុស ចៅស្រី សូមសមប្រកបដោយពុទ្ធពរបួនប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបី ឃ្លៀងឃ្លាតឡើយ៕

ads banner