កម្ពុជា-កូរ៉េ សម្ពោធដាក់ឱ្យប្រើប្រាស់កម្មវិធីវិញ្ញាបនបត្រវិទ្យាសាស្ត្រទិន្នន័យ របស់អង្គការយូណេស្កូ

(ភ្នំពេញ)៖ កម្មវិធីវិញ្ញាបនបត្រវិទ្យាសាស្ត្រទិន្នន័យ (Data Science) របស់អង្គការយូណេស្កូ (University Twinning and Networking-UNITWIN) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ក្រោមអធិបីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

ថ្លែងនៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា កម្មវិធីវិញ្ញាបនបត្រវិទ្យាសាស្ត្រទិន្នន័យ គឺជាសមិទ្ធផលថ្មីមួយទៀតនៅក្នុងភាពជាដៃគូដ៏ល្អរវាងកម្ពុជា កូរ៉េ និងអង្គការយូណេស្កូ ជាពិសេសទៅលើការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា ថ្មីៗនេះ ក្រសួងបានចាប់ផ្តើមការប្រកួតថ្នាក់ជាតិមួយដែលមានឈ្មោះថា “កម្មវិធីបញ្ញវន្តឌីជីថល Digital Talents” ដើម្បីលើកកម្ពស់ចំណាប់អារម្មណ៍លើជំនាញឌីជីថល ជាពិសេសក្នុងចំណោមសិស្សវិទ្យាល័យនៅទូទាំងប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីរួមចំណែកបន្ថែមទៀតដល់ការកសាងធនធានមនុស្សឌីជីថលរបស់ប្រទេស ក្រសួងគ្រោងសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅវិទ្យាល័យចំនួន ៥៥៨ ទូទាំងប្រទេស ដើម្បីជំរុញការអភិវឌ្ឍជំនាញនិងការបង្កើនសមត្ថភាពផ្នែកឌីជីថលដល់អ្នកពាក់ព័ន្ធ ជាអាទិ៍ សិស្សានុសិស្ស មន្ត្រីមូលដ្ឋាន ពលករជំនាញ និងការប្រើប្រាស់ប្រព័ន្ធឌីជីថលដល់ប្រជាជនតាមសហគមន៍មូលដ្ឋាន។

ឯកឧត្តមរដ្ឋមន្ត្រី ជឿជាក់ថា កម្មវិធីវិញ្ញាបនបត្រនឹងផ្តល់ឱ្យយុវជនកម្ពុជាកាន់តែច្រើនឡើងទទួលនូវចំណេះដឹងដ៏ទំនើបនេះ។ ឯកឧត្តមរដ្ឋមន្ត្រី មានសង្ឃឹមថាកម្មវិធីនេះនឹងជំរុញកិច្ចសហប្រតិបត្តិការ ការផ្សារភ្ជាប់វប្បធម៌បន្តរវាងនិស្សិត សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវរបស់គ្រឹះស្ថានសិក្សាដៃគូទាំងអស់ ដើម្បីអាចទាញយកអត្ថប្រយោជន៍ជាអតិបរមានៃវិទ្យាសាស្ត្រទិន្នន័យសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា។

គួរបញ្ជាក់ផងដែរថា នៅក្នុងឱកាសនេះដែរ ក៏មានពិធីចុះអនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យ Handong Global សាធារណរដ្ឋកូរ៉េ និងគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជាចំនួន៦ រួមមានសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាជាតិគ្រប់គ្រង សាកលវិទ្យាបញ្ញាសាស្ត្រ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ផងដែរ៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner