សមាគមយុវជនខ្មែរមហានគរ ប្រកាសគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា
ភ្នំពេញ៖សមាគមយុវជនខ្មែរមហានគរ បានប្រកាសគាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។ញត្តិគាំទ្រនេះបានធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ប្រកាសលទ្ធផលផ្លូវការកាលពីព្រឹកថ្ងៃទី ៥ ខែសីហា ។
ញត្តិគាំទ្របានបញ្ជាក់ថា សមាគមយុវជនខ្មែរមហានគរ និងរួមទាំងសមាជិកសមាជិកា រាជធានីខេត្ត នៃបណ្តុំអង្គការសង្គមស៊ីវិល បានតាមដាន និងអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ចាប់តាំងពីដំណើរការឃោសនា ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ហើយតែងតែអំពាវនាវឱ្យពលរដ្ឋអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។
សមាគមយុវជនខ្មែរមហានគរ បានកត់សម្គាល់ឃើញថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា គឺបានប្រព្រឹត្តទៅប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរីពលុបក្ស យុទ្ធធម៌ តម្លាភាព គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។ ជាពិសេសការបោះឆ្នោតនីតិកាលទី៧នេះ បើប្រៀបធៀបនឹងអាណត្តិមុនៗ គឺកាន់តែល្អប្រសើរ ដោយក្នុងនោះចំនួនអ្នកចូលរួម បោះឆ្នោតកាន់តែកើន និងពិសេសសន្លឹកឆ្នោតដែលឥតបានការកាន់តែថយចុះ។ នេះយើងអាចចាប់ទុកបានថា ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនៅប្រទេសកម្ពុជា គឺបានវិវត្តន៍ពីមួយអាណត្តិទៅមួយអាណត្តិ គឺសបញ្ជាក់បានថា ប្រទេសកម្ពុជាពិតជា មានលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ជាថ្មីម្តងទៀតនេះ យើងខ្ញុំគាំទ្រ គណបក្សប្រជាជនកម្ពុជា ដែលបានបន្តដឹកនាំរដ្ឋ សភានីតិកាលទី៧ នេះស្របតាមឆន្ទៈពលរដ្ឋខ្មែរក៏ដូចជាម្ចាស់សំឡេងឆ្នោតរបស់ខ្លួន។
ញត្តិបន្តថា យើងខ្ញុំសូមសម្ដែងការសាទរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវក្នុងជំហរឯករាជ្យ ឥតលម្អៀង តម្លាភាព និងយុត្តិធម៌ត្រឹមត្រូវ និងធ្វើឲ្យដំណើរ ការរៀបចំការបោះឆ្នោត និងលទ្ធផល ឈរលើមូលដ្ឋានអនុវត្តខ្ជាប់ខ្ជួនតាមរដ្ឋធម្មនុញ្ញ ច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ សម្រាប់ការបោះឆ្នោតប្រព្រឹត្តទៅបានយ៉ាងល្អ៕ដោយ៖ពលជ័យ
