ក្រសួងសុខាភិបាលសម្រេចបិទមជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88 BEAUTY និងសាខាផ្សេងទៀត
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានសម្រេចបិទនិងដកហូតសេចក្ដីសម្រេចឱ្យបើកដំណើរការមជ្ឈមណ្ឌលថែរក្សាសម្ផស្ស (S88 BEAUTY) ដោយមូលហេតុម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្សនេះ បានបើកសាខាជាច្រើនកន្លែងដោយ គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។
គួរជម្រាបថា ការបិទ S88 BEAUTY នេះ បន្ទាប់ពីមានជនរងគ្រោះដែលទៅរកសេវាកម្មថែសម្ផស្ស តាមរយៈការព្យួរសេរ៉ូមឱ្យសាច់ស ដែលត្រូវគេបានស្គាល់ថាជាភរិយារបស់លោក ពាក់ មី ជាតារាកំប្លែង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត កាលពីប៉ុន្មានថ្ងៃមុន។
យោងសេចក្តីសម្រេចចុះហត្ថលេខាដោយឯកឧត្តម ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល ចុះថ្ងៃទី៤ខែសីហា ឆ្នាំ ២០២៣ មាន៣ប្រការ ។ ប្រការ.១ បិទ និងហូតសេចក្ដីសម្រេចឱ្យបើកដំណើរការមជ្ឈមណ្ឌលថែរក្សាសម្ផស្ស អេសប៉ែតសិបប្រាំបី ប៊ីយូធី (S88 BEAUTY) ដែលមានទីតាំងផ្ទះលេខA៣៧ ផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបន្តអនុវត្ត គោលការណ៍ច្បាប់ដែលមានជាធរមាន ។
ក្រសួងបញ្ជាក់ថា៖«ដោយមូលហេតុម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្សនេះ បានបើកសាខាជាច្រើនកន្លែងដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ហើយក្នុងចំណោមនោះមានទីតាំងមួយកន្លែងស្ថិតនៅផ្ទះលេខ១១០ ផ្លូវលេខ៥៣ ភូមិ៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើការផ្តល់សេវាកម្មដាក់សេរ៉ូមឱ្យសាច់ស បណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនរងគ្រោះ ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ»។
ប្រការ២ ត្រូវបានទុកជាមោឃៈនូវសេចក្តីសម្រេចលេខ៦៨៦៩ អបស/ឱអបស ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងសុខាភិបាល។ ចំណែក ប្រការ៣ អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និងលោក ទេព ពិសិដ្ឋ ម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្សស (S88 BEAUTY) ត្រូវអនុវត្តសេចក្ដីសម្រេចនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
កាលពីព្រឹកថ្ងៃទី ៤ ខែសីហា តារាកំប្លែង ពាក់ មី បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកឈ្មោះ ចែម ចាន់រ៉ា ឱ្យដឹងថា ៖«ប្រពន្ធខ្ញុំសង្គ្រោះបន្ទាន់នៅបន្ទប់ ICU ពីរថ្ងៃហើយ បន្ទាប់ពីគាត់បានព្យួសេរ៉ូមឱ្យសាច់ស នៅមជ្ឈមណ្ឌលកែសម្ផស្ស S88 Beauty នៅថ្ងៃពុធ ទី២ ម៉ោង១ រសៀល តើម្ចាស់ S88 Beauty ទាំង១៣សាខា ជានរណា?»។
នៅយប់ថ្ងៃដដែលនោះលោកបានបង្ហោះបន្តថា ប្រពន្ធរបស់លោកបានចេញពីបន្ទប់សង្គ្រោះបន្ទាន់ICUហើយ បន្ទាប់ពីនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់អស់បីថ្ងៃ ហើយលោកកំពុងចាំដំណឹងពីសមត្ថកិច្ច។
ដោយឡែក នៅថ្ងៃទី ៤ខែសីហានេះ ក្រសួងសុខាភិបាល ក៏បានបិទនិងដកហូតនូវសេចក្ដីសម្រេចឱ្យបើកអគារលក់ឱសថបុរាណ សញ្ញាក្អមមាស ដែលមានទីតាំងនៅផ្ទះលេខB៨៣ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ និងបន្តអនុវត្តគោលការណ៍ច្បាប់ដែលមានជាធរមាន ដោយមូលហេតុបានល្មើសក្នុងការផ្សព្វផ្សាយលើសពីការពិត និងព្យាបាលដោយគ្មានបច្ចេកទេសដែលបណ្ដាលឱ្យអ្នកជំងឺមានគ្រោះថ្នាក់៕ ដោយ៖ សុខ រក្សា
