ពលរដ្ឋ ៥០០នាក់ និងកុមារមានពិការភាពធ្ងន់ធ្ងរ ១៦២នាក់ ទទួលបានការព្យាបាលឥតគិតថ្លៃ នៅមន្ទីរពេទ្យធ្មេញ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ
(ភ្នំពេញ)៖ រយៈពេលជាង ៣ថ្ងៃ អ្នកជួបការលំបាកចំនួន ៥០០នាក់ មានជម្ងឺមាត់ធ្មេញ និងកុមារដែលមានពិការភាពធ្ងន់ធ្ងរចំនួន ១៦២នាក់ បានទទួលការពិនិត្យ និងព្យាបាលឥតគិតថ្លៃក្រោមកម្មវិធីរបស់ អង្គការសប្បុរសធម៌មិនស្វែងរកប្រាក់ចំណេញរបស់អូស្ត្រាលី (Australian Health Humanitarian Aid (AHHA)។ នេះបើតាមការឱ្យដឹងពី លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងឱកាសអញ្ជើញពិនិត្យសកម្មភាពពិនិត្យព្យាបាល កាលថ្ងៃទី៦ សីហា ។

កម្មវិធីពិនិត្យព្យាបាលជម្ងឺមាត់ធ្មេញ និងកុមារពិការភាពធ្ងន់ធ្ងរនេះ មានការចូលរួមពីក្រុមគ្រូពេទ្យធ្មេញ របស់អង្គការសប្បុរសធម៌មិនស្វែងរកប្រាក់ចំណេញរបស់អូស្ត្រាលី, ក្រុមនិស្សិតមន្ទីរពេទ្យធ្មេញ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ,ការចូលរួមសហការពីក្រុមយុវជនស្ម័គ្រចិត្ត ធនាគារជាតិនៃកម្ពុជា និង អង្គការចំនួន ១៣ លើការដឹកជញ្ជូនអ្នកជំងឺ មកពីតំបន់ផ្សេងៗមកកាន់មន្ទីរពេទ្យធ្មេញ នៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ផងដែរ ។

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងអំណរគុណដល់អង្គការសប្បុរសធម៌មិនស្វែងរកប្រាក់ចំណេញរបស់អូស្ត្រាលី ដែលតែងតែចុះមកជួយពិនិត្យព្យាបាលជម្ងឺឥតគិតថ្លៃ ជូនប្រជាជនខ្មែរ ដែលជួបការខ្វះខាតជាបន្តបន្ទាប់។
លោកជំទាវបណ្ឌិត ជា សិរី បានកោតសរសើរចំពោះក្រុមគ្រូពេទ្យអង្គការសប្បុរសធម៌មិនស្វែងរកប្រាក់ចំណេញរបស់អូស្ត្រាលី ដែលបានធ្វើកិច្ចសហការយ៉ាងជិតស្និតជាមួយក្រុមគ្រូពេទ្យកម្ពុជា និងក្រុមយុវជនស្ម័គ្រចិត្ត ធនាគារជាតិនៃកម្ពុជា ក្នុងការងារពិនិត្យ និងព្យាបាលជូនប្រជជន ។

សូមជម្រាបថា ក្រៅពីការពិនិត្យព្យាបាលជម្ងឺឥតគិតថ្លៃជូនប្រជាជនខ្មែរនោះ ក្រុមការងារ AHHA ក៏បានផ្តល់បរិក្ខារ ព្រមទាំងឧបករណ៍សម្រាប់ការពិនិត្យជម្ងឺមាត់ធ្មេញ ដោយបានបង្រៀន និងធ្វើបទបង្ហាញអំពីករណីមួយចំនួនដល់និស្សិតទន្តសាស្ត្រ នៃកលវិទ្យាល័យពុទ្ធិសាស្ត្រ ផងដែរ ៕


អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត